ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូសេ ១១០ ក្នុងល្បឿនលឿនជុ្រលបុកចំពាក់ កណ្តាលខ្លួនតូយ៉ូតា ១គ្រឿង ដែលកំពុងបើកបរឆ្លងកាត់ពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូគាប់ជាមួយរថយន្តរងការខូចខាត។ ហេតុការណ៍នេះកើត ឡើង កាលពីវេលាម៉ោង ១ និង ៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៣ ស្ថិតចំណុចនាគបាញ់ទឹក ផ្លូវសុធារស កែងផ្លូវសួនច្បារសម្តេច ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារយុវជនម្នាក់ វ័យជាង ២០ ឆ្នាំ បានជិះម៉ូតូ ១គ្រឿង ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-8145 ជិះធ្វើដំណើរ តាមបណ្តោយផ្លូវសួនសម្តេច ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះយ៉ាងលឿន ខណៈដែលជិះដល់ចំណុច ផ្លូវកែងសុធារស មិនបន្ថយល្បឿនក៏បណ្តាលឲ្យជ្រុលបុកចំពាក់កណ្តាលខ្លួន រថយន្តតូយ៉ូស្ព័រ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2O-2653 ដែលកំពុងបើកតាមបណ្តោយផ្លូវសុធារសឆ្លងកាត់មុខម៉ូតូសេ១១០ បណ្តាលឲ្យ ម៉ូតូសេ១១០ គាប់ជាប់គ្នាជាមួយនិងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។
គួរបញ្ជាក់ថាក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ នោះទេប៉ុន្តែ បណ្តាលឲ្យទ្រព្យសម្បត្តិរបស់ភាគីទាំង ២ ត្រូវរងការខូចខាត។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយនិងនគរបាល ចរាចរណ៍ខណ្ឌចំការមន ចុះមកវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌរង់ចាំដោះស្រាយនាពេលក្រោយ ព្រោះដោយសារក្រោយកើតហេតុសមត្ថកិច្ចព្យាយាមសម្រប សម្រួលដែលប៉ុន្តែ ពួកគេនិយាយ យកតែត្រូវរៀងៗខ្លួន ៕
ទុយ ម៉ែន