ភ្នំពេញ៖ អ្នកជួញដូរថ្នាំញៀនម្នាក់ ត្រូវបានចាប់ខ្លួនជាក់ស្តែងដោយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ក្នុងខណះពេលដែលជនសង្ស័យកំពុងតែឈរចាំលក់ថ្នាំញៀននៅទីកន្លែង ស្ងាត់ដោយរួមជាមួយវត្ថុតាងមានថ្នាំញៀនចំនួន១កញ្ចប់ធំនិងម៉ូតូ ១ គ្រឿង។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោងប្រមាណ២២និង២០នាទីយប់ ថ្ងៃទី៨ខែធ្នូឆ្នាំ២០១៤ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះសុះម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ វត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនចំនួន ១ កញ្ចប់ស្មើនិង ៩ កញ្ចប់តូច និង ម៉ូតូ ១ គ្រឿងម៉ាក CLICK ពណ៏ ខ្មៅពាក់ស្លាកលេខព្រះស៊ីហនុ 1A 0470 ។
មុនពេលកើតហេតុ សមត្ថកិច្ចបានដើរល្បាតក្នុងមូលដ្ឋានតាមបណ្តោយផ្លូវវេងស្រេង ហើយបានបត់ចូលតាមផ្លូវដីវាលដែលជាកន្លែងស្ងាត់ ក៏បានឃើញជនសង្ស័យឈប់ម៉ូតូតែម្នាក់អែង ដោយមានការសង្ស័យក៏ ហៅសួរនាំនិងឆែកឆេរទៅឃើញមានថ្នាំញៀនចំនួន១កញ្ចប់ធំ ស្មើ ៩កញ្ចប់តូច ភ្លាមនោះប៉ូលិសក៏បានឃាត់តែម្តងយកមកសួរនាំនៅប៉ុស្តិ៍ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងឡើងតុលាការចាត់ការតាមផ្លូវច្បាប់៕