ភ្នំពេញ ៖ បុរសម្នាក់កំពុងតែឈប់ទិញកាតទូរស័ព្ទ ស្រាប់តែមានជនប្រដាប់អាវុធ២នាក់ មកភ្ជង់ប្លន់យកលុយចំនួន៥០០ដុល្លារ និងទូរស័ព្ទម៉ាកសាំសុងកាឡាក់ស៊ីអេស បានសម្រេចដោយសុវត្តិភាព កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ធ្នូ ២០១៤ ស្ថិតនៅតាមមហាវិថីម៉ៅសេទុង ខណ្ឌចំការមន ។
មុនពេលកើតហេតុ ជនរងគ្រោះដែលគេស្គាល់ថា ជាមន្ត្រីនៅអង្គភាពប្រឆាំងអំពើពុករលួយជិះម៉ូតូម៉ាក Lead ពណ៌ពងមាន់ អត់ស្លាកលេខមួយគ្រឿង លុះមកដល់ចំណុចខាងលើ ទូរស័ព្ទអស់លុយក៏ឈប់ទិញកាតទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកភ្ជង់ ប្លន់យកលុយចំនួន៥០០ដុល្លារ និងទូរស័ព្ទសាំសុង កាឡាក់ស៊ីអេសមួយគ្រឿង ចំណែកម៉ូតូចាស់ពេកចោរមិនបានប្លន់យកទៅទេ ។
ក្រោយពេលកើតហេតុ កងរាជអាវុធហត្ថខណ្ឌចំការមនកំពុងល្បាតប្រទះឃើញបានហៅទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងតែម្តង ៕