បន្ទាយមានជ័យ៖ម៉ូតូពីរគ្រឿងបើកបរកៀគ្នា បានបង្កឱ្យអ្នករួមដំណើរខាងក្រោយម្នាក់ ធ្លាក់ចូលឡានស្លាប់នៅនិងកន្លែងកាលពីម៉ោង៣ និង១០នាទីរំលងអធ្រាត្រថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១២លើកំណាត់ផ្លូវជាតិលេខ ៥ កែងផ្លូវចូលទៅរោងចក្រផលិតទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូទាំង២គ្រឿង បើកបរ ទិសច្រាសគ្នាពីលិចទៅកើត ក្នុងល្បឿនលឿនរៀងៗខ្លួន ខណៈកំពុងចៀសគ្នាក៏បានប៉ះដៃចង្កូត ម៉ូតូខាងរងគ្រោះបណ្តាលអោយខ្ទាតជនរងគ្រោះចូលទៅក្រោមកង់រថយន្តម៉ាកតូយ៉ូតា បាឡែន ពណ៌ទឹកមាស ពាក់លេខ បន្ទាយមានជ័យ2A-5344 ភ្លាមនោះម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
លោក សួន នីប៉ូនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋានខេត្ត បន្ទាយមានជ័យឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់ក្នុងគ្រោះថ្នាក់ខាងលើមានឈ្មោះជុំ សុបិន្ត ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាអ្នករួមដំណើរលើម៉ូតូរងគ្រោះម៉ាកStep ពាក់ស្លាកលេខភ្នំពេញ 1AP-4746 ដែលបើកបរដោយឈ្មោះ កែវ ជាមុនី្នភេទប្រុសអាយុ ២៣ឆ្នាំនៅភូមិជាមួយគ្នា។
ចំណែកម៉ូតូបង្កម៉ាក ហុងដាឃ្លីក គ្មានស្លាកលេខ បើកបរដោយឈ្មោះថុង ម៉េងហុន ភេទប្រុស ៣០ឆ្នាំ លំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ប៉ូលិសបានយក ម៉ូតូទាំង២គ្រឿង និងរថយន្តមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្ត ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕ ដោយ បូរី