ភ្នំពេញ៖ រថយន្ត ២ គ្រឿងត្រូវរងការខូចខាត ខណៈដែលបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើប ម៉ាកកាមរីហាយប្រ៊ិត ១គ្រឿង ក្នុងល្បឿនលឿនរេចង្កូតពេញផ្លូវ បានជ្រុលទៅបុកគូទរថយន្តកាមរីបាឡែន ១គ្រឿងទៀត ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យរថយន្តទាំង ២គ្រឿងគាប់ជាប់គ្នាបន្តដំណើរទៅមុខ លែងរួច ។
ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២៤ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ណ្ធរុស្ស៊ី សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្ត កាមរីបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7370 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ដោយបានបើកយ៉ាងលឿន ខណៈនោះក៏មានរថយន្តកាមរី
ហាយប្រ៊ិត ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-6823 បើកបរដោយបុរសម្នាក់វ័យជាង ៣០ ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រា បានបើកបរក្នុងល្បឿនលឿនស្របគ្នាជាមួយនិងរថយន្តកាមរីបាឡែន ពេលបើកដល់ចំណុចកើតហេតុរថយន្តកាមរីហាយប្រ៊ិតបានជ្រុលល្បឿនចាប់ហ្វ្រាំងមិនទាន់បុកចំគូទរថយន្តកាមរីបាឡែនពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យ រថយន្តទាំង ២គ្រឿងគាប់ជាប់គ្នា រងការខូចខាតស្ទើរទាំងស្រុង និងមិនអាចបន្តដំណើរទៅមុខលែងបាន ។
គួរបញ្ជាក់ថាពាក់ព័ន្ធនិងគ្រោះថ្នាក់នេះមិនមានមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរឡើយ ប៉ុន្តែវាបណ្តាល ឲ្យរថយន្តស៊េរីទំនើបទាំង ២គ្រឿងត្រូវខូចខាត ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយ និង នគរបាលចរាចរណ៍ខណ្ឌទួលគោកចុះមកអន្តរាគមន៍ធ្វើការវាស់វែងអូសយករថយន្តទាំង ២គ្រឿងទៅ
រក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយតាមផ្លូវច្បាប់។ ហើយសមត្ថកិច្ចក៏បានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយសារម្ចាស់រថយន្តកាមរីហាយប្រ៊ិតស្រវឹងស្រា និងបានបើករថយន្តលឿនពេក រហូត បាត់បង់ស្មារតីទប់ចង្កូតរថយន្តនិងជាន់ហ្វ្រាំងមិនទាន់ទើប បណ្តាលឲ្យបុកគូទរថយន្តគេពីក្រោយលាន់
ដូចរន្ទះ តែម្តងទៅ ៕
» ព័ត៌មានជាតិ » ស្រវឹងស្រាបើករថយន្តកាមរីហាយប្រ៊ិតបុកគូទរថយន្តកាមីបាឡែនខ្ទេច