កណ្តាល៖ កម្មករកម្មការិនីប្រមាណជាង ១.២០០ នាក់ ក្នុងចំណោមកម្មករ ១.៦៥០ នាក់ នៃរោងចក្រនូវខបកាត់ដេរ បាននាំគ្នាបន្តធ្វើកូដកម្ម ចាប់ពីម៉ោងជាង ៧ ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យថៅកែរោងចក្រ ដោះស្រាយនូវលក្ខខណ្ឌការងារចំនួន ១០ ចំណុច។
នេះសារតែក្រុមកម្មករមិនពេញចិត្ត ទង្វើរបស់ថៅកែដែលមិនយកចិត្តទុកដាក់ដល់ពួកគាត់ដោយឲ្យពួកគេឈប់ពីការងារ បន្ទាប់ពីមកប្រាក់ខែនៅថ្ងៃទី៩ធ្នូ ស្អែកទើប នៅព្រឹកនេះ ពួកគេបាននាំគ្នាហែ ក្បួនទៅសាលាស្រុកអង្គស្នួលដើម្បីឲ្យជួយអន្តរាគមន៍ដល់ពួកគេ។
លក្ខខណ្ឌការងារចំនួន ១០ ចំណុចនោះ មានដូចខាងក្រោមនេះ៖
១- ស្នើសុំឲ្យរោងចក្របើកលុយបាយ ១ សប្ដាហ៍ម្ដង។
២- ស្នើសុំឲ្យរោងចក្រ មិនត្រូវកាត់លុយកម្មករ ដែលមិនថែមម៉ោង។
៣- ស្នើសុំឲ្យរោងចក្រ ដកបុគ្គលិករដ្ឋបាល ឈ្មោះ សុ ធា ចេញពីការងារ ដោយគ្មានលក្ខខណ្ឌ។
៤- ស្នើសុំឲ្យរោងចក្រ ដកប្រធានរដ្ឋបាល ឈ្មោះ ម៉េត វាសនា ចេញពីការងារ ដោយគ្មានលក្ខខណ្ឌ (មើលងាយ និង ជេរប្រមាថកម្មករ)។
៥- ស្នើសុំឲ្យរោងចក្រ ប្តូរឥរិយាបទ ឈប់ជេរប្រមាថកម្មករ ចំពោះប្រធានក្រុមហ៊ុន ប្រធានផ្នែក និងបុគ្គលិក មួយចំនួន។
៦- ស្នើសុំឲ្យរោងចក្រ ផ្តល់ប្រាក់ឈ្នួលជូនកម្មករ អំឡុងពេលធ្វើកូដកម្ម និងសហការ
អោយមានការទទួលយកសហជីព។
៧- សុំឲ្យរោងចក្រ ផ្តល់ប្រាក់ស្នាក់នៅ ឬថ្លៃឡានជូនកម្មករ ចំនួន ១៥ ដុល្លារ។
៨- សុំឲ្យរោងចក្រ ផ្តល់អាហារថ្ងៃត្រង់ ១ ពេល ជារៀងរាល់ថ្ងៃ ជូនកម្មករ ឬ ផ្ដល់ជាប្រាក់២៦ ដុល្លារ ក្នុងមួយខែៗ ជូនកម្មករ។
៩- សុំឲ្យរោងចក្រ រៀបចំអោយមានទារកដ្ឋាន និងបន្ទប់បំបៅដោះកូន និងផ្តល់ថ្លៃទឹកដោះគោ ១៥ ដុល្លារ ក្នុង១ខែ ជូនកម្មការិនី។
១០- សុំឲ្យរោងចក្រ រៀបចំតុបាយជូនកម្មករ ហូបអោយបានសមរម្យ។
រោងចក្រនូវខប នេះ ស្ថិតនៅក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល៕