ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីសាកសួរជុំវិញការលួចលាក់អាវុធខុសច្បាប់ ៦ដើម និងការព្យាយាមលាក់បាំងជនល្មើស។ លោក ថោង ចំរើន លោកស្រី កែវ សារី មន្ត្រីយោធាស័ក្តិ៤កន្លះនៅក្រសួងការពារជាតិ លោកថោង បូណា និងភរិយា ដែលត្រូវជាឪពុក-ម្តាយ ប្អូនប្រុស បង្កើត និងប្អូនស្រីសាច់ថ្លៃ របស់លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង ដើម្បីឲ្យមន្ត្រីតុលាការសាកសួរលើបទល្មើសលាក់ទុកអាវុធខុសច្បាប់ និងការព្យាយាមរាំងការងារសមត្ថកិច្ច លាក់បាំងជនល្មើស។ សូមបញ្ជាក់ជុំវិញករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ រហូតដល់ល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃស លើអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ ទាំង៤រូប ជាជនដៃដល់ហើយ។ លោកចៅក្រម លី សុខឡេង បានសម្រេច ចោទប្រកាន់ជនដៃដល់ទាំង៤នាក់ ពីបទឃាតកម្មគិតទុកជាមុន។ បើតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌបទចោទ ប្រកាន់ឃាតកម្មគិតជាទុកមុន ជនជាប់ចោទទាំង៤នាក់ អាច ជាប់ពន្ធនាគារអស់មួយជីវិត។
អង្គរក្សទាំង៤នាក់ ដែលលោក លី សុខឡេង សម្រេចចោទប្រកាន់នេះ រួមមាន៖ ឈ្មោះ សៀង វាសនា ជាអ្នកបាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះស្លាប់ហើយឬនៅ?
សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុកីឡដ្ឋានអូរឡាំពិក៕