ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែងនាថ្ងៃទី១៥ សីហាកន្លងទៅនេះបានសម្រេចឃុំខ្លួនយុវជនម្នាក់ពីបទរំលោភសេពសន្ថវៈលើ ក្មេងស្រីអនិតិជន ។
ជនសង្ស័យឈ្មោះ កែវ បូរី ហៅ រី អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៤សីហា ឆ្នាំ ២០១៣ ទាក់ទងករណីរំលោភក្មេងស្រីអនីតិជនម្នាក់ កាលពីយប់ថ្ងៃទី១២ សីហា ២០១៣ កន្លងទៅ នៅត្រង់ចំណុចអូរពង់មាន់ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបាននិយាយថា ក្មេងស្រីរងគ្រោះឈ្មោះ ជ.ណ អាយុ១១ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ។
ការចាប់ខ្លួន គឺដោយផ្អែកទៅលើពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះដែលចោទថា ជនសង្ស័យបានចាប់រំលោភកូនស្រី គាត់ខណៈគាត់មិននៅផ្ទះ ។
នៅចំពោះមុខសមត្ថកិច្ចក្មេងស្រីរងគ្រោះបានប្រាប់ថា នាងពិតជាត្រូវជនសង្ស័យចាប់រំលោភមែន ។ ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ហើយនាព្រឹកថ្ងៃទី ១៥ សីហា តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យពីបទរំលោភសេពសន្ថវៈលើអនិតិជន ៕
ដោយ៖ ឡុង កាន់សំនៀង