កំពង់ធំ៖ ប្រាសាទសម្បូណ៍ព្រៃគុកដែលមានទីតាំងនៅឃុំ សម្បូណ៍ ស្រុក ប្រាសាទសម្បូណ៍ខេត្ត កំពង់ធំ ដែលជាប្រាសាទមួយដែលមានវ័យចំនាស់ជាងប្រាសាទអង្គរវត្ត ហើយដែលបច្ចុប្បន្នកំពុងតែត្រៀមដាក់បញ្ចូលជាសម្បត្តិបតិភ័ណ្ឌពិភពលោកនោះត្រូវបានប្រភពពីមន្ត្រីខេត្តកំពង់ធំម្នាក់បាន អោយដឹងថា ទោះបីប្រាសាទមួយនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញមែន ប៉ុន្តែកន្លងមកប្រាសាទមួយនេះខេត្តទទួលបានចំណូលពីអ្នកម៉ៅការប្រមូលចំណូលពីភ្ញៀវទេសចរណ៍ក្នុងមួយឆ្នាំបានតែត្រឹម ៦លានរៀល គិតពីឆ្នាំ 2011ដល់ចុងឆ្នាំ 2014 ដ៏ខ្លីខាងមុខ។ ហើយចាប់ពី
ឆ្នាំ 2015 ដល់ ឆ្នាំ 2021គឺប្រាសាទនេះទទួលបានចំណូលចំនួន 8លានរៀលក្នុងមួយឆ្នាំ ដែលធ្វើអោយអ្នកម៉ៅការប្រមូលចំណូលចំណេញគ្រប់ទឹកហើយការដែលខេត្តទទួលបានចំណូលតិចបែបនេះដោយសារតែមានអំពើពុករលួយយ៉ាងធំធេង។
តាមប្រភពបានអោយដឹងថាគិតចាប់តាំងពីថ្ងៃទី 01 ខែ មករា ឆ្នាំ 2011 ដល់ថ្ងទី 31 ខែ ធ្នូ ឆ្នាំ 2014 ប្រាសាទសម្បូណ៍ព្រៃគុកត្រូវបានលោកអតីតអភិបាលខេត្ត កំពង់ធំ ឈុន ឈន់ ផ្តល់សិទ្ធិអោយលោក តាន់ ម៉េងឆិះ ធ្វើជាអ្នកម៉ៅការប្រមូលចំណូលដោយកិច្ចសន្យាភាគីអ្នកម៉ៅការក្នុងមួយឆ្នាំត្រូវបង់ថវិកាចូលសាលាខេត្តចំនួន ៦លានរៀល និងដោយតំរូវអោយភាគីអ្នកម៉ៅការ ក្រោយពីអនុវត្តន៍បាន 2ឆ្នាំ គឺត្រូវសាងសង់តូបសំរាកលំហែកាយធ្វើបង្គន់អនាម័យ ធ្វើស្លាកសញ្ញា បង្ហាញផ្លូវ និងដាក់ធុងសំរាម ប៉ុន្តែចាប់តាំងពីទទួលបានសិទ្ធិប្រមូលចំណូលគឺភាគីអ្នកម៉ៅការមិន បានធ្វើអ្វីទាំងអស់ក្រៅពីដាក់ធុងសំរាម 4ទៅ10តែប៉ុណ្ណោះ។ ហើយនៅឆ្នាំ2013 ខណៈពេលដែល កិច្ចសន្យាពីការម៉ៅការប្រមូលចំណូលពីភ្ញៀវទេសចរណ៍នៅសល់ពេលខ្លី និង លោក ឈុន ឈន់ ដែលជាអភិបាលខេត្តកាលនោះជិតដល់អាយុចូលនិវត្តន៍ ភាគីអ្នកម៉ៅការនិងលោកអភិបាលខេត្ត ឈុនឈន់ បានធ្វើកិច្ចសន្យាអនុញ្ញាតអោយ លោក តាន់ ម៉េងឆិះ បន្តប្រមូលចំណូលចំនួន 6ឆ្នាំ បន្ថែមទៀត ដោយគិតពីថ្ងៃទី 01 ខែ មករា ឆ្នាំ 2015 ដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2021 និងដោយតំរូវបង់ ថវិការចូលខេត្តក្នុង1ឆ្នាំ ចំនួន8លានរៀល។ ការអនុញ្ញាតស្តីការប្រមូលចំណូលពីភ្ញៀវទេសចរណ៍ ចូលទស្សនា ប្រាសាទសម្បូរព្រៃគុកនេះ ត្រូវបានមន្ត្រីមន្ទីរពាក់ព័ន្ធជាច្រើនបានអះអាងថាតំលៃ សំរាប់ការបង់ថវិកាចូលខេត្តខាងលើនេះគឺជាតំលៃមហាថោកដែលធ្វើខេត្តខាតបង់នូវចំណូលដ៏ សន្ធឹកសន្ធាប់។ ព្រោះតាមអង្កេតនិងវាយតំលៃរបស់មន្ត្រីជំនាញគឺប្រាសាទសម្បូរព្រៃគុកអាចរក ចំណូលបានពីភ្ញៀវបរទេសដែលបានចូលទស្សនាក្នុងមួយឆ្នាំបានប្រាក់មិនតិចជាង 10ម៉ឺនដុល្លារ ទេ ប៉ុន្តែអតីតអភិបាលខេត្ត និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្ត លោក ឈុន ឈន់ អនុញ្ញាត អោយភាគីអ្នកម៉ៅការបង់ចំណូលថវិកាដ៏ថោកបែបនេះគឺអាចផ្តើមចេញពីអំពើពុករលួយ។
ដោយមានករណីបែបនេះមន្ត្រីជាច្រើននៅក្នុង ខេត្ត កំពង់ធំ បានបញ្ចេញទស្សនៈថាករណី នេះគួរតែក្រសួងវប្បធម៌និងវិចិត្រសិល្បះជាពិសេសអភិបាលខេត្តកំពង់ធំដែលទើបឡើងថ្មី លោកអ៊ុត សំអន គួរតែធ្វើការសើររើកិច្ចសន្យា ស្តីពីការប្រមូលពីភ្ញៀវទេសចរណ៍ដែលចូលទស្សនាប្រាសាទសម្បូណ៍ព្រៃគុកនេះឡើងវិញ ដើម្បីផលប្រយោជន៍ខេត្ត និងលុបបំបាត់អំពើលុករលួយ។
ព្រោះថាតំលៃចំណូលពីប្រាសាទដែលផ្ទៃដី 5-6 គីឡូម៉ែត្រ ត្រឹមតែ 6លានទៅ 8លានរៀលក្នុងមួយឆ្នាំ គឺពិតជាថោកណាស់ដែលធ្វើអោយភាគី អ្នកម៉ៅការចំណេញគ្រប់ទឹក ពេលខ្លះភាគីអ្នកម៉ៅការកាប់តែកូនឈើសំរាប់ធ្វើអូសលក់ក៏ចំណេញដែរ៕
» Breaking News, ព័ត៌មានជាតិ » អ្នកម៉ៅការប្រមូលចំណូលពីប្រាសាទសម្បូណ៍ព្រៃគុក ចំណេញគ្រប់ទឹកដោយអជ្ញាធរពុករលួយ