ភ្នំពេញ ៖ សព្វថ្ងៃនេះអ្នកដែលធ្វើដំណើរតាមរថយន្តឈ្នួលនៅតែប្រឈមនឹងគ្រោះ ថ្នាក់ព្រោះតែពួកគេទាំងនោះជាពិសេសម្ចាស់រថយន្តមិនគោរពច្បាប់ ចរាចរណ៍ផ្លូវគោកជាប្រការប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ ព្រោះរថយន្តឈ្នួលភាគច្រើនមានមនុស្សជិះនៅខាងក្នុងពេញហើយហៀរដល់ លើដំបូលអង្គុយយ៉ាងព្រោងព្រាតថែមទៀត។
ការជិះនៅលើ ដំបូលពុំមែនបានន័យថា អ្នកដំណើរត្រូវចំណាយប្រាក់តិចជាងអ្នកជិះនៅខាងក្នុងរថយន្ត នោះទេ គឺមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែនេះទំនងជាដោយសារពួកគេខ្ជិលរង់ចាំជិះរថយន្តផ្សេងទៀតក៏ សុខចិត្តជិះរបៀបនេះ។ ជាក់ស្តែងរថយន្តប្រភេទសាំយ៉ុងជាច្រើនគឿងនេះ បានដឹកមនុស្សណែនខាងក្នុងរថយន្ត ចំណែក
នៅលើដំបូលក៏មានអ្នកជិះមិនតិចនាក់ដែរ ដែលអង្គុយទាំងប៉ផុតប៉ផើយគ្មានអ្វីទប់ខ្លួនឲ្យមានលំនឹង។
កន្លង មកការមិនគោរពច្បាប់ចរាចរណ៍តាមរយៈការដឹកជញ្ជូនមនុស្សបែបនេះបាន បណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់ដូចជានៅពេលរថយន្ត បែកកង់កៀរគ្នាធ្លាក់ចូលជង្ហុក ឬរថយន្តជាន់ហ្វ្រាំងបង្ខំ ដែលធ្វើឲ្យអ្នកជិះនៅលើដំបូលត្រូវធ្លាក់មកដី ហើយអ្នកបើកបររថយន្តនោះមិនដែលទទួលខុសត្រូវម្តងណាឡើយ ស្រួលមិន
ស្រួលរត់យកប្រាសអាយុបាត់ស្រមោល។
ប្រជាពលរដ្ឋ សង្ឃឹមថា សកម្មភាពដឹកជញ្ជូនលើដងផ្លូវសាធារណៈបែបអនាធិបតេយ្យនេះ នឹងត្រូវសមត្ថកិច្ចរឹតបន្តឹងជាក់ជាពុំខានដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ លីហ៊ាង