ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ, សេដ្ឋកិច្ច » ​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្ដល់ប្រាក់​កម្ចី​៨០០​លាន​ដុល្លារ​ដល់​កម្ពុជា​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្ដល់ប្រាក់​កម្ចី​៨០០​លាន​ដុល្លារ​ដល់​កម្ពុជា​

​ម្ចាស់ជំនួយ​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា គ្រោង​នឹង​បញ្ចេញ​ទឹកប្រាក់​ជាង ៨០០​លាន​ដុល្លារ​អាមេរិក ដែលជា​ទឹកប្រាក់​កម្ចីសម្បទាន​សម្រាប់​ប្រទេស កម្ពុជា ដើម្បី​លើកស្ទួយ​មូលដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា នៅ​រយៈពេល ៥​ឆ្នាំ​ខាងមុខ​។ ស្របពេល​ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី អេ​.​ឌី​.​ប៊ី (ADB) ក៏បាន​ព្រមាន​ថា ទឹកប្រាក់​នោះ​ត្រូវ​យកមក​អនុវត្តន៍​ឲ្យ​ឆ្លើយតប​ទៅ​ការអភិវឌ្ឍ​ធនធាន មនុស្ស និង​កាត់បន្ថយ​ភាពក្រីក្រ​។​
​ស្រប ពេលដែល​រាជរដ្ឋាភិបាល​បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា បាន​ជាប់​ឯក​ត្ត​កម្ម​លើ​កំណើន​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា ក៏បាន​ប្រកាស​នៅ​ថ្ងៃទី​១ ធ្នូ ថា ឈប់​ផ្ដល់ជំនួយ​ដល់​កម្ពុជា ដោយ​ជំនួស​មកជា​កម្ចីសម្បទាន​វិញ​។ ទឹកប្រាក់​ជាង ៨០០​លាន​ដុល្លារ​អាមេរិក នឹង​ផ្ដល់​ទៅ​ប្រទេស​កម្ពុជា សម្រាប់​រយៈពេល ៥​ឆ្នាំ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ដែលជា​ប្រភេទ​ហិរញ្ញប្បទាន​សម្បទាន មានន័យថា គឺជា​ប្រាក់កម្ចី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា អាច​ខ្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត និង​មាន​រយៈពេល​អនុគ្រោះ​។ ប៉ុន្តែ​ប្រាក់កម្ចី​នោះ គឺ​ត្រូវយក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រីក្រ ឲ្យ​ក្លាយជា​ប្រទេស​ជឿនលឿន យ៉ាង​ឆាប់រហ័ស​។​
​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ​មានការ​បង្កើត​ការងារ សមធម៌ និង​ប្រសិទ្ធភាព​។ នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី លោក អៀ​រិ​ក ស៊ីដ​វិច (Eric Sidgwick) មានប្រសាសន៍ថា ចំនួន​ទឹកប្រាក់​កម្ចី​ជាង ៨០០​លាន​ដុល្លារ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាស​នៅពេលនេះ គឺជា​ការប្ដេជ្ញាចិត្ត​មួយ​ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច ការធ្វើ​ឲ្យ​សម្បូរបែប​នូវ​មូលដ្ឋាន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​
​ហេតុផល​សំខាន់​មួយ​ដែល​ម្ចាស់ជំនួយ​អភិវឌ្ឍ​ជាច្រើន​បានប្រកាស ផ្ដល់ប្រាក់​កម្ចីសម្បទាន​ដល់​កម្ពុជា គឺ​ដោយសារ​គេ​ចាត់ទុកថា កម្ពុជា​មិនមែនជា​ប្រទេស​ក្រីក្រ​ទៀតឡើយ​។ ប៉ុន្តែ​ជំហរ​រាជរដ្ឋាភិបាល​កម្ពុជា​វិញ បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ថវិកាជាតិ​នៅ​ឆ្នាំ​២០១៥ ថា កម្ពុជា​បន្ត​ស្វែងរក​ជំនួយ​ជាជាង​ស្នើសុំ​ប្រាក់កម្ចី​។​
​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​អះអាងថា កម្ពុជា​មាននៅ​លទ្ធភាព​ខ្ចី​បំណុល​បរទេស​បាន​បរិ​មាណ​ច្រើន​ទៀត​រៀងរាល់ ឆ្នាំ ប៉ុន្តែ​ជំហរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា នៅតែ​ត្រូវការ​ជំនួយ​បរទេស​៖ «​សំឡេង​»​។​
​របាយការណ៍​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី​រកឃើញថា សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ខ្ពស់ តែ​កម្ពុជា​នៅមាន​ក្រុម​អ្នក​ងាយ​រងគ្រោះ​ជាច្រើន ដូចជា​ក្រុម​អ្នកក្រីក្រ ក្រុម​អ្នកគ្មានការងារ​ធ្វើ និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច គម្រោង​អភិវឌ្ឍន៍ និង​ទំនប់​វា​រី​អគ្គិសនី​ជាដើម​។ តាម​ការប៉ាន់ស្មាន ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្រុម​អ្នក​ងាយ​រងគ្រោះ​ទាំងនោះ មាន​ចំនួន​ប្រមាណ ៩​លាន​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​សរុប ១៥​លាន​នាក់​។ ប៉ុន្តែ​នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី លោក អៀ​រិ​ក ស៊ីដ​វិច មានប្រសាសន៍ថា ទឹកប្រាក់​កម្ចី​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី គឺ​អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បាន គឺ​អាស្រ័យ​លើ​ការប្រើប្រាស់​ធនធាន​៖ «​សំឡេង​»​។​
​ទោះជា​យ៉ាងណាក៏ដោយ គោលបំណង​សំខាន់​នៃ​ការផ្ដល់​ប្រាក់កម្ចី​នេះ គឺ​កសាង​បរិយាកាស​សម្រាប់​វិស័យ​ឯកជន ការបង្កើន​លទ្ធភាព​ទ​ទួលបាន​ឥណទាន​តាម​ជនបទ និង​ការបង្កើត​ការងារ​។ ប្រសិនបើ​អនុវត្ត​មិនបាន​ល្អ​នោះ ទឹកប្រាក់​កម្ចី​ជាង ៨០០​លាន​ដុល្លារ​អាមេរិក​នេះ គឺ​សមាមាត្រ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ ត្រូវ​ជំពាក់​បំណុល​គេ​ចំនួន​ជាង ៥០​ដុល្លារ​បន្ថែមទៀត​សម្រាប់​រយៈពេល ៥​ឆ្នាំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya