ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ប៉ូលិសបានដោះលែងលោកឧកញ៉ា ថោង សារ៉ាត់ មកផ្ទះវិញ តែអង្គរក្សយ៉ាងហោចណាស់ ៣ នាក់ ត្រូវបានប៉ូលិសបន្តឃាត់ទុកសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាលោកឧកញ៉ា ថោង សារ៉ាត់។
ការចាប់ខ្លួនតាមផ្លូវ ហើយនាំទៅស្នងការប៉ូលិសនោះ គឺខាងស្នងការថា ច្រឡំឡាន។ តែមិនទាន់ដឹងមូលហេតុនៅឡើយទេ។ រហូតដល់រសៀលនេះ លោកឧកញ៉ា ថោង សារ៉ាត់ បានមកផ្ទះវិញហើយ នៅតែអង្គរក្ស បន្តនៅស្នងការនៅឡើយ។ ការឃាត់ខ្លួនអង្គរក្សទាំងនោះ ពីមូលហេតុអ្វីទេ ហើយក៏មិនច្បាស់ថា ប៉ុន្មាននាក់ទេ។
ការឃាត់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប្រធានក្រុមហ៊ុនសាច់ប៉ាតេមានជ័យ និងបុរី៩៩៩ ព្រមទាំងអង្គរក្សទាំងនោះ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២វិច្ឆិកា។
ការឃាត់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស បានកើតឡើង កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ នៅជិតមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត តាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ។
អង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន ៣នាក់ ត្រូវបាននាំខ្លួន យកមកសាកសួរនៅស្នងការក្រុងភ្នំពេញ។ ប៉ុន្តែលោកមិនបញ្ជាក់ថា ពាក់ព័ន្ធករណីអ្វីនោះទេ ដោយគ្រាន់តែថា នេះជាការងារជំនាញ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធរឿងនេះ ការងាររបស់ជំនាញ កំពុងតែធ្វើលោកមិនអាចអត្ថាធិប្បាយបានទេ ហើយការងារជំនាញទាល់តែចប់ការអង្កេតឲ្យដឹងរឿងពិតប្រាកដ ទើបលោកអាចនិយាយបាន។
លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា “ការងារជំនាញកំពុងតែធ្វើ ខ្ញុំធ្វើម៉េចអាចអត្ថាធិប្បាយជូនបាន ទោះជារឿងអីក៏ដោយ ក៏ខ្ញុំមិនអាចជម្រាបជូនទេ ព្រោះការងារជំនាញទាល់តែចប់ការអង្កេតឲ្យវាដឹងរឿងស ខ្មៅ ថាជារឿងអី អានឹងបានខ្ញុំអាចជម្រាបជូនបាន ហើយមន្ត្រីជំនាញ កំពុងតែធ្វើការងារជំនាញធ្វើម៉េច ខ្ញុំអនុញ្ញាតអាចជម្រាបជូនបាន”៕