ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកូរ៉េ មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុកចំពីមុខរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់ចំនួន៣ផ្ទាំង បណ្តាលអោយឡានក្រឡាប់ផ្ញារជើង នៅចំណុចស្តុបចំការមន ទល់មុខនឹងក្រសួងរុក្ខាប្រមាញ់នឹងនេសាទ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២ និង ១០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគេ សង្គេតឃើញបុរសម្នាក់បើករថយន្តកូរ៉េ ១បាំងកន្លះមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-6370 រួមដំណើរដោយប្រពន្ធរបស់ខ្លួនម្នាក់ទៀតផងដែរ តាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតបុកចំពីមុខក្បាលនាគពុះ ចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលរបាំងថ្មចំនួន ៣ផ្ទាំងត្រូវរងការខូចខាតដាច់ចេញពីគ្នា ចំណែករថយន្តបង្កត្រូវក្រឡាប់ផ្ញារ ជើងច្រងាង បណ្តាលអោយរថយន្តរងការនូវខូចខាត ប៉ុន្តែសំណាងល្អមិនមានមនុស្សរងរបួសធ្ងន់ធ្ងរ គ្រាន់តែ រលាត់ដៃ រលាត់ជើងបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍ធ្វើការ វាស់វែងស្ទូចរថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះ ស្រាយនាពេលក្រោយ ៕