បន្ទាយមានជ័យ ៖ លោក ង៉ាន់ ចិន្តា ជាផ្ការីកគ្រប់រដូវមិនថារដូវវស្សា ឬរដូវប្រាំងនោះ ទេ លោកធ្វើមន្ត្រីនគរបាលថ្នាក់តូច និងជាមនុស្សជំនិត របស់លោក ហ៊ុន ហ៊ាន អតីតស្នងការ ខេត្តបន្ទាយមានជ័យ ។ លោក ង៉ាន់ ចិន្តា ជាមន្ត្រីនគរបាល នៅផ្នែកការពារ និងអន្តរាគមន៍ តែដោយសារគាត់ ពូកែអែបអប ត្រូវបានលោកស្នងការ ហ៊ុន ហ៊ាន ប្រើឱ្យកាន់ការងារសេដ្ឋកិច្ច ប្រមូលផលប្រយោជន៍ នៅក្នុងខេត្តទាំងមូល ក្នុងបុព្វហេតុ ផ្គត់ផ្គង់ឆ្នាំងបាយថ្នាក់លើ រហូតទាល់តែលោក ហ៊ុន ហ៊ាន ត្រូវអង្គភាព ប្រឆាំងអំពើពុករលួយ ចាប់ឃាត់ខ្លួន។
ក្រោយមកថ្នាក់លើ បានតែងតាំងលោក ខេង ស៊ុំ ឲ្យធ្វើជាស្នងការ ខេត្តបន្ទាយមានជ័យ ក៏លោក ង៉ាន់ ចិន្តា លូនក្រាប លោក ខេង ស៊ុំ រហូតបានឡើងតួនាទី ជាប្រធានការិយាល័យ សណ្តាប់ធ្នាប់ ហើយក្នុងតំណែង ជានាយការិយាល័យ សណ្តាប់ធ្នាប់ លោក ង៉ាន់ ចិន្តា មិនត្រឹមតែធ្វើការងារ សណ្តាប់ធ្នាប់ប៉ុណ្ណោះទេ គឺគាត់បានលូកដៃ ទៅធ្វើការងារសេដ្ឋកិច្ច ជំនួសប្រធាន ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងស្នងការរងទទួលផែន ទៀតផង។
បន្ទាប់ពីលោក ខេង ស៊ុំ ចូលនិវត្តន៍ លោក អាត់ ខែម ឡើងជាស្នងការ មានអំណាចពេញដៃ ក៏លោក ង៉ាន់ ចិន្តា រត់ការចាយលុយ និងអែបអបរហូតបានឡើង ជាស្នងការរង ទទួលបន្ទុកសេនាធិការ ជំនួសលោកស្នងការរង ចាន់ កុសល ដែលទទួលមរណភាព ។
តាំងពីនៅកាន់តំណែង ជាប្រធានការិយាល័យ សណ្តាប់ធ្នាប់ រហូតដល់ឡើងជា ស្នងការរង លោក ង៉ាន់ ចិន្តា បានក្តាប់ការងារសេដ្ឋកិច្ច នៅក្នុងខេត្តឡើងណែនពេញដៃ ហើយធ្វើការតែជាមួយស្នងការ ម្នាក់ប៉ុណ្ណោះ ។
រាល់បទល្មើសទំនិញឆ្លងដែន ជាពិសេសទំនិញគេចពន្ធ និងបទល្មើសឈើគ្រញូង ដែលគេថា ទឹកដីខេត្តបន្ទាយមានជ័យ គឺជាកន្លែងឈ្មួញ នាំចូលពីថៃយកមកស្តុក មុននឹងនាំបន្ត យកទៅលក់ នៅប្រទេសវៀតណាម គឺឈ្មួញរកស៊ីទាំងអស់ បើចង់សុខត្រូវតែទាក់ទង លោកស្នងការរង ង៉ាន់ ចិន្តា។
មន្ត្រីនគរបាលជាច្រើននៅទូទាំងខេត្ត ពិសេសនៅស្នងការខេត្តបន្ទាយមានជ័យប្រាប់ អរិយធម៌ដឹងថា មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បានអួតសរសើរពីជោគវាសនា ល្អរបស់លោក ង៉ាន់ ចិន្តា ដែលមានសំណាងជាងគេ និងឡើងតំណែង លឿន ដែលបច្ចុប្បន្នបានឡើងធ្វើ ស្នងការរងទទួល ផែនសេនាធិការ ដែលជាតួនាទីមានអំណាចគ្រាន់បើ នាំឲ្យមន្ត្រីនគរបាល ជាច្រើនមិនពេញចិត្តដោយ ដាក់ងារឱ្យលោក ង៉ាន់ ចិន្តា ជា « មន្ត្រីនគរបាល ផ្ការីកគ្រប់រដូវ » ។
ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់មន្ត្រីនគរបាលខាងលើនេះ កាសែតអរិយធម៌បានព្យាយាមសុំការបំភ្លឺពីលោកស្នងការរង ង៉ាន់ ចិន្តា ដែរ តែមិនអាចទំនាក់ទំនងបានទេ កាលពីម្សិលមិញ៕ដោយ៖ បុរី
» Breaking News, ព័ត៌មានជាតិ » លោក ង៉ាន់ ចិន្តា ស្នងការរងឡើងតំណែង