ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ត្រូវពង្រឹងការត្រួតពិនិត្យ លើរថយន្តម៉ូតូ ដែលដាក់ស្លាកលេខ នគរបាល (ន.ប) ខេមរភូមិន្ទ (ខ.ម) ពីព្រោះបច្ចុប្បន្ននេះ មានអ្នកបន្លំស្លាកលេខបែបនេះ ច្រើនៅកម្ពុជា ។
ថ្លែងនៅក្នុងកិច្ចប្រជុំវគ្គខ្លី នៅព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៤ នេះ លោក យឹម សុវណ្ណ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ ថា សព្វថ្ងៃមានប្រជាពលរដ្ឋជាច្រើន ដែលពួកគេជាជនស៊ីវិលធម្មតា ប៉ុន្តែបានដាក់ស្លាកលេខ ន.ប និង ខ.ម ដែលអត្រានៃការដាក់ស្លាកលេខច្រើនហួសហេតុបែបនេះ បានធ្វើឲ្យច្បាប់នៅកម្ពុជា មានលក្ខណៈខ្សោយ ដោយ សារតែនគរបាល ចរាចរណ៍ដែលប្រចាំការនៅតាមដងវិថីនានា មិនហ៊ានអនុវត្តតាមច្បាប់ ដែលត្រូវការដាក់ពិន័យ ឬ ផាកនៅពេលពួកគេទាំងនោះធ្វើខុស ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាន ១២ជំពូក និង ៩២មាត្រា ច្បាប់ ក្នុងគោលបំណង ធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ធានាការពារសុខភាព និងអាយុជីវិតមនុស្សសត្វ និងទ្រព្យសម្បត្តិ សាធារណៈជាដើម។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះក៏ដើម្បីផ្តល់ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ផងដែរ ៕