ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបាន បង្កឱ្យប្រជាពលរដ្ឋជិតខាងផ្អើលចេញមកមើលព្រោងព្រាត ខណៈដែលកំពុងលងលក់ក្នុងដំណេកនោះ គឺដោយសារតែមានក្រុមក្មេងទំនើង២ក្រុមម្ខាងមានគ្នាប្រមាណជាង២០ នាក់ បានទាស់សំដីគ្នាក្នុងវ៉ូងផឹកស៊ីនៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែន ជ័យ និងបានឈានដល់ការដេញវាយ កាប់ចាក់គ្នាបណ្តាលឱ្យយុវជនម្នាក់រងរបួស ហើយមិនអស់ចិត្តព្រោះខឹងគូ បក្សរត់បាត់អស់នោះ ក្រុមក្មេងទំនើងបានយកដំបងវាយបំផ្លាញទ្រព្យសម្បត្តិ និងកញ្ចក់ផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខ្ទេចខ្ទីគ្មានសល់ ។
នៅមុនពេលកើតហេតុគេបានគេឃើញក្មេងស្ទាវ២ក្រុម ម្ខាងមានគ្នាប្រមាណជាង២០នាក់បានផឹកស៊ីនៅក្នុងម្លុកផ្ទះជួលខាងលើ ជិតគ្នា លុះផឹកស៊ីបានប្រមាណជា១ម៉ោងគេក៏បានលឺទាស់ពាក្យសំដីគ្នាខ្លាំង បន្តិចក្រោយមកក៏មានការវាយតប់គ្នាកើតឡើង និងបានយកដំបង កាំបិត ដេញកាប់គ្នាដូចនៅក្នុងរឿងភាគ បណ្តាលឱ្យយុវជនម្នាក់រងរបួសបែកក្បាលធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងចេញមកមើលព្រោងព្រាត ។
បន្ទាប់មកក្មេងទំនើងមួយក្រុមដែលប្រដាប់ទៅដោយដំបង និងដាវសាមូរ៉ៃនោះ ដេញវាយកាប់ចាកគូបដិបក្សម្ខាងទៀតមិនបាន មានការខឹងសម្បារយ៉ាងខ្លាំង ក៏បានវាយកំទេចទ្រព្យសម្បត្តិ និងកញ្ចក់ផ្ទះប្រជាពលរដ្ឋជិតនោះបណ្តាលឱ្យខ្ទេចខ្ទី រួចមកបាន រត់គេចខ្លួនបាត់ ។ ភ្លាមនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ប៉ុន្តែក្មេងទំនើងទាំងនោះបានជិះម៉ូតូគេចខ្លួនចេញបាត់អស់។ ប៉ុន្តែក្រោយកើតហេតុបានប្រមាណជា១ម៉ោងក្រុមក្មេងទំនើងទាំងនោះមិន អស់ចិត្តក៏បានត្រឡប់ មកវិញម្តងទៀតមានគ្នា៧ទៅ៨នាក់ ភ្លាមនោះម្ចាស់ផ្ទះបានរាយការណ៍ទៅកំលាំងសមត្ថកិច្ចស្ទាក់ចាប់បាន ចំនួន២នាក់ រីឯបក្សពួកប៉ុន្មាននាក់ទៀតរត់គេចខ្លួនបាត់ ។ យុវជនទំនើងទាំង២នាក់ត្រូវបានកំលាំងសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរនៅបុស្តិ៍នគរបាលរដ្ឋបាលចោមចៅ និងចាត់ការទៅតាមផ្លូវច្បាប់៕