ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក និងប្រជាពលរដ្ឋក្របួចចោរឆក់ទូរស័ព្ទ២នាក់ បានភ្លាមៗ ក្រោយ ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីបុរសវ័យចំណាស់ម្នាក់ ខណៈកំពុងអង្គុយ លេងហ្គេម នៅមុខផ្ទះរបស់ខ្លួន លេខ១១០AEOZ ផ្លូវលេខ២៦១ ក្រុមទី១៧ ភូមិទី៧ សង្កាត់ ទឹកល្អក់ទី៣ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
មន្ដ្រីនគរបាលបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ ខណៈជនរងគ្រោះ កំពុងអង្គុយមុខផ្ទះ ហើយយកទូរស័ព្ទ របស់ខ្លួន ម៉ាក I Phone 4S មកចុចលេងហ្គេមនោះ ស្រាប់តែ លេចមុខ ជនសង្ស័យ ពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-6271 ធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ។
ជនសង្ស័យទី១ ឈ្មោះ រ៉េត រដ្ឋា ហៅព្រឹក អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល មិនចាំលេខ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក និងជន សង្ស័យទី២ ឈ្មោះ មាន សុផាន់និត អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ដោយឡែក ជនរងគ្រោះ មានឈ្មោះ ម៉ាង ប៊ុនធឿន អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូន ទៅសួរនាំបន្ដទៀត នៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕