កំពង់ឆ្នាំង៖ ឆ្នាំនេះទាំងរដូវបិទទាំងរដូវបើកការនេសាទគេសង្កេតឃើញមានបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបានកើតមានឡើងយ៉ាងគគ្រឹកគគ្រេងការកើនឡើងនៃបទលើ្មសនេសាទនេះត្រូវបានប្រភពនានាបញ្ជាក់ថាដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើរពុករលួយបើកដៃអោយជនខិលខូចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យនិងគ្មានការទប់ស្កាត់។
ប្រភពពីប្រជានេសាទបានអោយដឹងថាបទល្មើសទាំងនោះភាគច្រើនមានរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងរាប់រយម៉ែត្ររហូតដល់រាប់ពាន់ម៉ែត្រត្រូវបានគេរត់ស្ទាក់ចាប់ត្រីទាំងធំទាំងតូចដោយប្រើឧបករណ៍លបរ៉ូយ៉ាល់ដែលឧបករណ៌ប្រភេទនេះបានបំផ្លេចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរដែលជាហេតុធ្វើអោយមហន្តរាយដល់ពូជមច្ឆាជាតិ និងធ្វើអោយកូនខ្មែរជំនាន់ក្រោយ លែងបានស្គាល់។ប្រភពបានបញ្ជាក់អោយដឹងថាចំណុចដែលមានបទល្មើសច្រើនជាងគេគឺនៅម្តុំភ្នំទេពី ក្នុងឃុំកំពង់ហៅ សំរោងសែន ចំណុចប្រាសាទបាក់ក្នុងឃុំច្រណូកនិងចំណុចវាលភក់ ចុងព្រែក សាលាថ្ម ព្រែកលួង ក្នុងឃុំផ្លូវទូកស្រុកកំពង់លែង។បទល្មើសនៅត្រង់ចំណុចខាងលើនេះកំពុងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យនិងមិនដែលឃើញមានមន្ត្រីអាជ្ញាធរមន្ត្រីជំនាញនិងមន្ត្រីសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ។ការមិនបង្ក្រាបនេះដោយសារតែមានការត្រូវរ៉ូវគ្នារវាងជនប្រព្រឹត្តល្មើសជាមួយនឹងមន្ត្រីពាក់ព័ន្ធទាំងនោះ។
ប្រភពបានអោយដឹងទៀតថាក្នុង១របាំងគេត្រូវចំណាយចាប់ពី២លានទៅ២លាន៥០ម៉ឺនរៀលសម្រាប់ចំណាយទៅលើមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់មន្ត្រីសហគមន៍មន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត។
នៅតំបន់ផ្លូវទូកនោះមានអ្នករត់ការប្រមូលលុយអោយមន្ត្រីជំនាញនិងសមត្ថកិច្ចត្រូវបានគេប្រាប់អោយដឹងថាមានឈ្មោះម៉ាងណុយនិងឈ្មោះឈឿន រីឯមន្ត្រីពាក់ព័ន្ធដែលបានឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយបើកដៃអោយមានបទល្មើសនេសាទកើតឡើងយ៉ាងអាណាធិបតេយ្យនោះរួមមានលោកមាន់អៀនលីអភិបាលស្រុកកំពង់លែងលោកលីឡានាយករងខណ្ឌរដ្ឋបាលជលផលលោកតាតសីហាក់នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងលោកពុំសុផលនាយសង្កាត់រដ្ឋបាលជលផលប្រឡាយមាសរួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះលោកមាន់អៀនលីអភិបាលស្រុកកំពង់លែងបានបដិសេធព័ត៌មានខាងលើដោយលោកលើកឡើងថាអ្នកដែរនិយាយគឺចេះតែនិយាយហើយប្រសិនជាមានភស្ថុតាងពិតជាមានរូបលោករួមឃុបឃិតមែនលោកនឹងព្រមទទួលខុសត្រូវចំពោះមុខច្បាប់។
ចំណែកលោកលីឡានាយករងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងក៏បានបដិសេធថាមិនមានករណីខាងលើកើតមានដូចការនិយាយទេហើយលោកក៏បានបន្តថាជាក់ស្ដែងបទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងរកមើលកន្លែងណាដែលមានលក្ខណៈធំដុំគឺវាគ្មាន។ បើតាមប្រភពបានបញ្ជាក់បន្ថែមថា បទល្មើសនេសាទសព្វថ្ងៃមិនត្រឹមតែកើតមានចំពោះតែរបាំងសាច់អួនក្រឡាញឹក ឬលបណរ៉ូវដែលមានប្រវែងរាប់រយ រាប់ពាន់ម៉ែត្រប៉ុណ្ណោះទេ សព្វថ្ងៃអ្នកនេសាទបានប្រព្រឹត្តល្មើស នឹងច្បាប់ជលផលបានហាមឃាត់ ដោយបានកាប់កឈើជាព្រៃលិចទឹកសម្រាប់ត្រីពងកូន យកធ្វើជាសម្រាស់ដាក់ចាប់ត្រី ដែលបញ្ហានេះបានកើតមានពាសពេញផ្ទៃទឹក ក្នុងទឹកដីខេត្តកំពង់ឆ្នាំង មិនថានៅស្រុកណាឡើយ ពិសេសក្នុងស្រុកកំពង់លែង ហើយការធ្វើបែបនេះបានគឺត្រូវតែរត់ការ យកប្រាក់បិទភ្នែកសមត្ថកិច្ច និងជំនាញពាក់ព័ន្ធដោយនៅពេលហ៊ុំសម្រាស់ម្តងៗម្ចាស់សម្រាស់ ត្រូវយកលុយបង់អោយសមត្ថកិច្ចជំនាញឬ បង់អោយសហគមន៍នេសាទចាប់ពី៤០ម៉ឺនឡើងទៅ ក្នុងពេលហុំមួយទឹកៗ។
គួររំលឹកផងដែរថាកន្លងមកកំលាំងសមត្ថកិច្ចជំនាញជលផលខេត្តកំពង់ឆ្នាំងបានពង្រឹងការការពារបទល្មើសនេសាទនៅតាមតំបន់របស់ខ្លួនគ្រប់គ្រងនិងបានចុះបង្ក្រាបចាប់យកឧបករណ៍ល្មើសនេសាទហើយបញ្ជូនជនប្រព្រឹត្តទៅតុលាការឬធ្វើការអប់រំដែលបញ្ជាក់ពីស្នាដៃគួរអោយកត់សំគាល់។ តែទោះជាមានការខិតខំប្រឹងប្រែងយ៉ាងនេះក្ដីក៏បទល្មើសនេសាទដែលបង្ហាញពីលក្ខណៈឧបករណ៍និងការលបលួចឆ្មក់ចូលប្រព្រឹត្តបទល្មើសនេសាទក៏នៅតែមានដដែល។មិនតែប៉ុណ្ណោះគេតែងសង្កេតឃើញថាទាល់តែមានការចុះផ្សាយតាមរយៈសារព័ត៌មានទើបមានការចុះបង្ក្រាបហើយក្នុងនោះក៏មានភាពអសកម្មក្នុងការចុះបង្ក្រាបបទល្មើសនេសាទរបស់សមត្ថកិច្ចជលផលខេត្តផងដែរ៕