សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី២៦ វិចិ្ឆកា នេះ គណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន បានជួបប្រជុំគ្នា ក្នុងបង្កើនការយល់ដឹងពីគ្នា ជុំវិញវិស័យវប្បធម៌ និងព័ត៌មាន។ កិច្ចប្រជុំនេះ ក៏ជាផ្នែកមួយសំខាន់ក្នុងការយល់ដឹងពីគ្នារបស់ប្រទេសអាស៊ាន មុនសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក តាមរយៈវិស័យវប្បធម៌ និងវិស័យព័ត៌មាន របស់ប្រទេសជាសមាជិកអាស៊ាន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា មុននឹងអាចឈានដល់សមាហរណកម្ម អាស៊ានទៅបាន ចាំបាច់ប្រទេសក្នុងសហគមន៍អាស៊ាន ត្រូវច្របាច់ចូលគ្នាទាំងដើមទុន ផ្នែកច្បាប់ និងទំនាក់ទំនងមនុស្ស ។ ទំនាក់ទំនងមនុស្ស គឺចាំបាច់ត្រូវដើរមុន ទាំងផ្នែកធនធានមនុស្ស និងការទទួលស្គាល់ផ្នែកសញ្ញាបត្រផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដែលក្រសួងព័ត៌មាន កំពុងជួបប្រទះមុនសមាហរណកម្មអាស៊ានខាងមុខ គឺបញ្ហាធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា។ បើទោះជាកម្ពុជាមានធនធានមនុស្សមួយចំនួនយ៉ាងណាក្តី ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងទំនើប នៅតែមានកម្រិត ដែលចាំបាច់ត្រូវប្រឹងប្រែងបន្ថែមទៀត។
កិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ ព័ត៌មានអាស៊ានលើកទី៤៩នេះ រៀបចំរយៈពេលមួយថ្ងៃ នៅខេត្តសៀមរាប ៕