ភ្នំពេញ៖ ប្តីប្រពន្ធ ១គូរ ដែលស្រឡាញ់គ្នាខ្លាំងណាស់បានដឹកដៃគ្នាដើរឆ្លងផ្លូវបំណងទៅផ្ទះ ហើយដើរមិនទាន់ ផុតផ្លូវផង ក៏មានរថយន្តហ៊ីយ៉ាន់ដាយធុនធំ ១គ្រឿង បើកលឿនមកបុកយ៉ាងពេញទំហឹងនិងកិនប្រពន្ធបែកថ្លើម និងបេះដូង ខ្ទាតចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបន្តកិនបុរសជាប្តីចំ ផែ្នកខាងក្រោមបណ្តាលឲ្យបែកផ្លោកនោមរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវហានណូយ ទល់មុខសាលាបឋម សិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ២៣ និង ២០ នាទីយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៣។
ស្ត្រីដែលស្លាប់បាត់បង់ជីវិតខាងលើនៅមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ប៉ុន្តែប្តីឈ្មោះ តែម ផុង ភេទប្រុស អាយុ ៣២ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែករថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេសង្កេតឃើញប្តីប្រពន្ធ១គូរខាងលើដើរឆ្លងផ្លូវហានណូយ ខណៈដើរឆ្លងជិតផុត ស្រាប់តែរថយន្តបង្កហេតុដែលកំពុងបោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវហានណូយក្នុងទិសដៅពីជើងទៅត្បូង ជ្រុលបុកប្តីប្រពន្ធមួយគូរនេះដោយកង់រថយន្ត ផ្នែក
ខាងមុខបានកិនស្ត្រីជាប្រពន្ធធ្លាយពោះវៀន ចេញក្រៅស្លាប់យ៉ាងអាណោចអាធ័ម រីឯកង់ខាងក្រោយកិនខ្លួន បុរសជាប្តីរងរបួសធ្ងន់ធ្ងរ ។ រួចរថយន្តបង្កហេតុបានព្យាយាមបើករត់គេចខ្លួនពីចំណុចកើតហេតុរហូតដល់ផ្សារ មាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបត្រូវនគរបាលមូលដ្ឋានដេញព័ទ្ធចាប់បានភ្លាមៗ។
បន្ទាប់ពីមានករណីដ៏រន្ធត់ខាងលើនេះនគរបាលមូលដ្ឋាន និងនគរបាលចរាចរខណ្ឌសែនសុខបាន សហការជាមួយនគរបាលជំនាញរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍វាស់វែងអូសឃាត់ខ្លួនរថយន្តបង្កហេតុ និង អ្នកបើកបរយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ចំណែក
សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីនិងបុរសជាប្តីដែលរងរបួសត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕
» Breaking News, ព័ត៌មានជាតិ » ប្តីប្រពន្ធមួយគូដឹកដៃគ្នាឆ្លងផ្លូវត្រូវរថយន្តបើកបុកប្រពន្ធស្លាប់និងប្តីរបួសធ្ងន់ស្ទើរផុតដង្ហើម