ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងជំនួបសម្តែងការគួរសមជាមួយលោក Thach Du ឯអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើសុំអោយទីក្រុងហាណូយ បន្តផ្តល់បដិភាគបន្ថែមទៀត ដើម្បីយកទៅធ្វើការសាងសង់ផ្លូវណាណូយបន្ត។ ក្រោយការសាងសង់កំណាត់ផ្លូវមួយនេះ បញ្ចប់ អាជ្ញាធរ នឹងដាក់ឈ្មោះជាផ្លូវ “ភ្នំពេញ-ហាណូយ” ដើម្បីបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងវៀតណាម អោយកាន់តែខ្លាំងក្លាបន្តទៀត។ ទីក្រុងហាណូយ បានជួយមករាជធានីភ្នំពេញច្រើនណាស់ ចាប់ពីឆ្នាំ២០០៤ មក ជាក់ស្តែងទីក្រុងហាណូយ បានស្ថាបនាផ្លូវហាណូយ ហើយថ្មីៗនេះ បានសាងសង់សាលារៀន ២ អគារនៅសាលាបឋមសិក្សាដូនពេញ។ លោកចង់អោយចំណងមិត្តភាពនេះ បន្តរឹងមាំថែមទៀត។ ដោយឡែក សម្រាប់ទីក្រុងហូជីមិញវិញ ក៏មានកិច្ចសហប្រតិបត្តិការគ្នាល្អលើគ្រប់វិស័យផងដែរ ដែលធ្វើអោយកំណើនអ្នកទេសចរវៀតណាម មានចំនួនច្រើនជាងគេ មកទស្សនានៅប្រទេសកម្ពុជា។
មន្ទីរពេទ្យជោរៃ នៅបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏សុទ្ធតែបានមកពីផ្លែផ្កានៃចំណងមិត្តភាពនេះដែរ ទោះបីមកដល់ពេលនេះ មន្ទីរពេទ្យជោរៃ មិនទាន់មានសេវាកម្មល្អប្រសើរនូវឡើយក្តី។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជា និងវៀតណាម នឹងជំរុញអោយមន្ទីរពេទ្យនេះ មានសេវាកម្មប្រសើរឡើង អោយដូចមន្ទីរពេទ្យនៅប្រទេសវៀតណាមដែរ មិនត្រូវអោយប្រជាពលរដ្ឋខ្មែរ អស់ជំនឿនោះទេ។
លោក Thach Du ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ លើកឡើងដែរថា ការមកជួបសម្តែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម អោយកាន់តែប្រសើរថែមទៀត និងបន្តចាប់ដៃគ្នា ធ្វើកិច្ចការងារជាមួយគ្នាអោយបានល្អបន្លែមទៀត។ លោក បន្តថា នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍន៍លើចំរើនខ្លាំងក្លាណាស់ មិនថាភ្នំពេញទេ សូម្បីតែនៅតាមជនបទ ក៏មានការរីកចំរើនខ្លាំងក្លាដែរ។
ពាក់ព័ន្ធនឹងមន្ទីរពេទ្យជោរៃវិញ លោកឯកអគ្គរដ្ឋទូត សន្យាថា នឹងជំរុញការងារនេះ អោយប្រសើរផងដែរ ដោយមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យ ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរវាងនាយករដ្ឋមន្ត្រីទាំង២ កម្ពុជា និងវៀតណាម៕