ភ្នំពេញ៖ អាជីវករផ្សារនាគមាស ដែលនៅក្បែរផ្សារដើមគ នាំគ្នាធ្វើបាតុកម្មនៅថ្ងៃអង្គារនេះ ប្រឆាំងនឹងប្រធានផ្សារ ដែលពួកគេចោទថា បានដំឡើងតម្លៃជួលតូបខ្ពស់ពេក និងមានលក្ខខណ្ឌមួយចំនួនទៀត ដែលអាជីវករមិនមានលទ្ធភាពបង់ថ្លៃ ។
តាមគម្រោងក្រុមអាជីវករ គ្រោងហែញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីស្វែងអន្តរាគមន៍តែដោយមានការសម្រួលពីអាជ្ញាធរខណ្ឌទួលគោក ពួកគេប្រមាណ៥០នាក់ បានធ្វើបាតុកម្មនៅមុខផ្សារ ដោយលើកបដាទាមទារកុំដំឡើងថ្លៃឈ្នួលតូប និងទាមទារឲ្យរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារ ដើម្បីទាក់ទាញអតិថិជនចូលទិញទំនិញក្នុងផ្សារនេះ ។
អ្នកស្រី សំ សារិទ្ធ ដែលអះអាងជាតំណាងអាជីវករ ថ្លែងថាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ប្រធានផ្សារបានដំឡើងថ្លៃជួលតូបប្រមាណ២០ភាគរយបន្ថែមលើថ្លៃដើម ។ ចំណែកថ្លៃភ្លើង ទឹក ក៏ខ្ពស់ជាងតម្លៃរដ្ឋទ្វេដង ។ អ្នកស្រីបន្តថា អាជីវករគ្មានលទ្ធភាពបង់ថ្លៃជួបតូបនេះបានទេ ខណៈមិនសូវមានអតិថិជនចូលផ្សារនេះ ។ អ្នកស្រីថា «ក៏ប៉ុន្តែ ពួកយើងខ្ញុំទាំងអស់គ្នា ជាអាជីវករទាំងអស់ហ្នឹង គឺសំណូមពរសុំកុំឲ្យគាត់ឡើងថ្លៃពេក គឺឡើងត្រឹមតែ៥ភាគរយបានហើយ កាលណាដំឡើងថ្លៃពេក គឺពួកនាងខ្ញុំអត់មានលទ្ធភាព នឹងការបង់ទេ ព្រោះអីយើងលក់បន្លែមួយកញ្ច្រែងពីរកញ្ច្រែង គ្រាន់តែចិញ្ចឹមកូន និងញ៉ាំបាយមួយពេលៗឲ្យគ្រប់ហ្នឹង មិនគ្រប់ទៀត។ ហើយសូមសំណូមពរនៅទីផ្សារនេះ សូមឲ្យគាត់បើកជាអាជីវកម្មដូចជា ផ្ញើកង់ ម៉ូតូ ឬឡាន សូមឲ្យមានអាជីវកម្មអ្នកក្រៅមកចូលធ្វើ។ បើសិនគាត់ធ្វើតែគ្នាគាត់ អ៊ីចឹងផ្សារហ្នឹងអត់រីកចម្រើន» ។
អ្នកស្រី សំ សារិទ្ធ សំណូមពរឲ្យប្រធានផ្សាររៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឲ្យមានអនាម័យ និងស្នើឲ្យបញ្ចុះតម្លៃផ្ញើម៉ូតូ និងរថយន្តជាដើម ។
អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា ដែលចូលរួមដោះស្រាយបញ្ហានេះថ្លែងថា លោកស្នើឲ្យអាជីវករសរសេរពាក្យបណ្តឹងជាលាយលក្ខអក្សរ ដាក់ជូនអភិបាលខណ្ឌទួលគោក ។ លោកបន្តថា បន្ទាប់មកលោកនឹងកោះអញ្ជើញប្រធានផ្សារ និងតំណាងអាជីវករ៥នាក់ ចូលទៅដោះស្រាយ ។ លោកបញ្ជាក់ថា «ទី១ ខ្ញុំសូមឲ្យបងប្អូនអាជីវករទាំងអស់ ធ្វើពាក្យបណ្តឹង ធ្វើការក្រដាសស្នាម ជំហានទី១ ឲ្យខ្ញុំមានក្រដាសស្នាមដើម្បីឲ្យខ្ញុំងាយស្រួលហៅតំណាងអាជីវករ ខាងផ្សារ និងសង្កាត់ទៅចូលរួមក្នុងខណ្ឌទួលគោក» ។
លោក វេង តាក់ តំណាងផ្សារនាគមាសទទួលបន្ទុកផ្នែកបេឡាមានប្រសាសន៍ថា ការដំឡើងថ្លៃឈ្នួលតូបនេះ ធ្វើឡើងតាមកិច្ចសន្យាកាលពីឆ្នាំ២០០៤ ។ លោកបន្តថា ផ្សារនេះមិនបានលក់តូបឲ្យអាជីវករទេ ប៉ុន្តែជួលតូបឲ្យអាជីវករមានតម្លៃទាបបំផុត ៣០ដុល្លារឡើងទៅតាមតូបតូច ឬធំ ។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថាតម្លៃទឹក ភ្លើង ពិតជាថ្លៃ ដោយលោកយកលុយទាំងនោះទៅប៉ះប៉ូវ នៅពេលបើកភ្លើងនៅពេលយប់ ការពារទ្រព្យសម្បត្តិអាជីវករ ។ លោកបន្ថែមថា «ដល់ពេលគាត់លក់អត់ សូវដាច់ [គាត់]មកសំណូមពរថៅកែខ្ញុំ សម្រួលចុះតម្លៃជូន គាត់សន្យាចុះហើយ ថ្ងៃក្រោយត្រូវដំឡើងបន្តិចៗវិញឲ្យស្មើនឹងកិច្ចសន្យាដើមវិញ រឿងហ្នឹងវាអ៊ីចឹង មិនមែនតែប៉ុន្មានថ្ងៃហ្នឹងទើបតែឡើងទេ ពីដើមមកអ៊ីចឹង តែមួយឆ្នាំ កិច្ចសន្យាមួយឆ្នាំម្តង មួយឆ្នាំនិយាយមួយសារតម្លៃ» ។
ទោះជាយ៉ាងណា អាជីវករស្នើឲ្យប្រធានផ្សារនាគមាស ដំឡើងថ្លៃឈ្នួលត្រឹមតែ៥ភាគរយ ពោលមិនមែនដំឡើងរហូតដល់២០ភាគរយនោះទេ ។ ពួកគេព្រមានថា បើពុំនោះទេ អាជីវករនឹងហែញត្តិទៅដាក់ជូនរដ្ឋសភាថ្ងៃស្អែកទៀត ៕