ភ្នំពេញ ៖ រថយន្ត ២ គ្រឿង ត្រូវរងការខូចខាត ខណៈដែលរថយន្ត១គ្រឿងម៉ាកវីហ្គោល មួយគឿងរញែថយ ក្រោយបុកចំក្បាលរថយន្តកាមរីឆ្លាម ដែលកំពុងបើកបរតាម បណ្តោយផ្លូវលេខ ៣១០ ក្នុងសង្កាត់បឹងកេងកង ទី ២ ខណ្ឌចំការមន កាលពីវេលាម៉ោង ២ នឹង ០០ នាទីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេសង្កេតឃើញរថយន្ត វីហ្គោល ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ១៦ ២-០២២៤ បើកបរដោយបុរសម្នាក់វ័យជាង ២០ ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកដល់ចំណុចមុខផ្ទះលេខ ៤៦៥ រថយន្ត វីហ្គោលបានទាញចង្កូតរថយន្តបត់ឆ្វេងដៃ ចូលក្នុងផ្ទះ ប៉ុន្តែខណៈបើកចូលផ្ទះ រថយន្តនេះបានបើករញែ ថយក្រោយក៏បានបុកចំក្បាលរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F 5478 ដែលកំពុងបើកបរ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣១០ក្នុងទិសដៅពីកើតទៅលិច ដោយបានបើកក្នុងល្បឿនលឿនពេក បណ្តាលឲ្យគូទរថយន្តវីហ្គោលគាបជាប់គ្នា ជាមួយនឹងរថយន្តកាមរីឆ្លាម រងការខូចខាតទាំង ២គ្រឿង ។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុដោយមានការសម្របសម្រួលពីសំណាក់ សមត្ថកិច្ច នោះភាគី ទាំង ២ បានសម្រេចចរចាគ្នា ដោយតម្រូវឲ្យភាគីរថយន្តកាមរីឆ្លាម សង សំណងជូនភាគីរថយន្តវីហ្គោល ។ នេះគឺជារឿងមួយដែលធ្វើឲ្យមហា ជនជាច្រើន បានរិះគន់យ៉ាងខ្លាំង ចំពោះហេតុការណ៍ខាងលើ ដោយសារតែរថយន្តរងគ្រោះបែរជា ត្រូវសង សំណងជូនភាគីរថយន្តបង្កហេតុទៅវិញ។ សមត្ថកិច្ចបានបន្តថា ម្ចាស់ រថយន្ត កាមរីឆ្លាមសង ប្រាក់ចំនួន ២០ដុល្លារដល់ម្ចាស់រថយន្តវីហ្គោលដើម្បីបញ្ចប់រឿង ៕