បន្ទាយមានជ័យ៖ នារីរងគ្រោះបានចាកចេញពីផ្ទះ មកលេងមិត្តភក្តិនៅក្រុងប៉ោយប៉ែត និងមកយកលិខិតឆ្លងដែន ទៅប្រទេសថៃ ហើយបានស្នាក់នៅផ្ទះមិត្តភក្តិ លុះយប់ជ្រៅបន្តិច បានបបួលគ្នាចូលក្លឹប ឌីស្កូរថាចដោនរាំលេងកម្សាន្ត ដោយអង្គុយតុក្បែរគ្នា ភ្លាមនោះមានជនដៃដល់ពុំស្គាល់គ្នា សុំជល់កែវជាមួយនាងមិនព្រម ជល់កែវជាមួយ ក៏វាយចំមុខរងរបួសធ្ងន់។ ហេតុការណ៍បង្ករបួសស្នាម នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ កើត ស្រីតី ភេទស្រី អាយុ ២២ឆ្នាំ អាសយដ្ឋានភូមិអូរ១ សង្កាត់២ ក្រុងមិត្តភាព ខេត្តព្រះសីហនុ ប្រាប់ថា ជនដៃដល់បានយកកែវស្រាទៅជល់ ដើម្បីសុំស្គាល់ជាមួយ ពេលនោះដែរជនដៃដល់ បានសួរទៅថា មកពីណា ខាងណាដែរ ភ្លាមនោះនាងបានតបថា មកពីស្រុក យួន ហើយក៏បានអង្គុយជុំគ្នា និងលើកកែវស្រាផឹក តែផឹកមិនអស់ ក៏ចាក់ស្រាចោលខ្ចាយលើជើងនាង ពេលនោះនាងខឹង ក៏មកស្តីឲ្យជនដៃដល់ថាមាក់ងាយនាង ក៏មានការជជែកគ្នា នាងក៏បានយកដៃច្រានទ្រូងចេញ ។
នៅពេលនោះ ជនដៃដល់ខាងលើ បានយកដៃគៀសដៃនាងចេញ ហើយបានយកដប ស្ប៉ាយ (spy) ចាក់មកលើមុខជនរងគ្រោះ និងបានយកកែវស្រា កាន់នៅនិងដៃវាយទៅលើផ្ទៃមុខនាងរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ជាច្រើនកន្លែងតែម្តង។
ក្រោយពីកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ យកមកសួរនាំ ចំណែកនាងរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ឯកជនផងដែរ។ សមត្ថកិច្ច អ.ហ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ជនសង្ស័យឈ្មោះ សុច សំអឿន ភេទប្រុស អាយុ២០ឆ្នាំ អាស័យដ្ឋាន ខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបរវិល ខេត្តបាត់ដំបង៕