សៀមរាប៖ បុគ្គលិកព្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាប ជិត២០០នាក់ កាលពីថ្ងៃចន្ទ ធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះខេត្តនេះ គោរពលក្ខខណ្ឌការងារ៧ចំណុច ។
បុគ្គលិកផ្នែកផ្ដល់សញ្ញាយន្ដហោះ នៃព្រលានយន្ដហោះអន្ដរជាតិសៀមរាប លោក ហ៊ិន សំណាង ប្រាប់អ្នកសាព័ត៌មាននៅកន្លែងតវ៉ាថា កម្មករជិត២រយនាក់ នាំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនគោរពលក្ខខណ្ឌ៧ចំណុច រួមមានឲ្យក្រុមហ៊ុនចែកវេនការងារដល់បុគ្គលិកបីពេល ទាមទារឲ្យបើកប្រាក់ឧបត្ថម្ភអាហារ និងប្រាក់ផ្សេងៗ ស្នើឲ្យប្ដូរអ្នកគ្រប់គ្រងខ្មែរ ផ្នែកធនធានមនុស្សម្នាក់ និងរដ្ឋបាលម្នាក់ និងទទួលយកបុគ្គលិកម្នាក់ចូលធ្វើការវិញជាដើម។ លោកថា «សូមបញ្ជាក់ជូនបងដែរ ថាលោក និន កុសល ជាបុគ្គលិកនៅអាកាសយានដ្ឋានភ្នំពេញទេ ប៉ុន្តែដោយសារអាកាសយានដ្ឋាននេះ ស្ថិតនៅក្រោមការគ្រប់គ្រងនិយោជកតែមួយ អ៊ីចឹងយើងដាក់សម្ពាធទៅលើនិយោជកតែម្តងមួយ គឺឲ្យគាត់ទទួលយកលោក និន កុសល ឲ្យចូលធ្វើការវិញ មាន៧ចំនុច» ។
បុគ្គលិកមួយរូបទៀត អ្នកស្រី សៀន ចំណាប់ ឲ្យដឹងថា អ្នកគ្រប់គ្រងជនជាតិបារាំង លោកប្រ៊ុយ ណូ និងជនជាតិខ្មែរពីររូបទៀត លោក ភួង សុជាតិ និងលោកសន សារ៉ុម បានគាបសង្កត់កម្មករខ្មែរ និងបញ្ឈប់បុគ្គលិកមិនមានកំហុសដែលផ្ទុយពីច្បាប់ការងារ ។ អ្នកស្រីបន្ថែមថា ក្រុមហ៊ុនបានជួលបុគ្គលិកគ្មានជំនាញ ពីខាងក្រៅមកធ្វើការ ប៉ុន្ដែនៅពេលហានីភ័យកើតឡើង បែរជាពួកអ្នកគ្រប់គ្រងទម្លាក់កំហុសលើបុគ្គលិកពេញសិទ្ធិទៅវិញ ។
ជុំវិញការលើកឡើងខាងលើនេះ អរិយធម៌ មិនអាចទាក់ទង អ្នកគ្រប់គ្រងព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាប ។ ប៉ុន្ដែប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដសៀមរាប លោក ច័ន្ទ សុខុមចិត្ដា មានប្រសាសន៍ខ្លីថា លោកកំពុងដោះស្រាយជូនកម្មករ។