បន្ទាយមានជ័យ៖ ក្រុមអ្នករកស៊ីនិងបងប្អូនប្រជាពលរដ្ឋ បាននិយាយថាស្រុក ក្រុងចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ នៅតាមបណ្តោយជាយដែនរួមមានស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកស្វាយចេកពិសេសក្រុងប៉ោយប៉ែត គឺឈ្មួញកំពុងនាំចូលម៉ូតូក្តៅ និងទំនិញគេចពន្ធគ្រប់ប្រភេទ មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង ធ្វើឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ជាពិសេស លោកចាប សុផាឫទ្ធិ កំពុងតែសប្បាយ ក្នុងការប្រមូល លុយពីឈ្មួញល្មើសទាំងនោះ ។
កាលពីពេលថ្មីៗកន្លងមក អាងស្បែកបង្កព្យុះភ្លៀងយ៉ាងអនាធិបតេយ្យរបស់ មេប៉ូលិសសេដ្ឋកិច្ចខេត្ត ចាប សុផាឫទ្ធិ ទំនងអាងខ្នងបង្អែកទើបមិនដែលក្រែងញញើតអ្វីឡើយ ។ ដូច្នេះគេតែងតែរំពឹងទុកថា លោក អាត់ ខែម ជាស្នងការខេត្តបន្ទាយមានជ័យ នឹងធ្វើការកែទម្រង់លុបបំបាត់ភាពអនាធិបតេយ្យ នៃការដាក់ប៉ុស្តិ៍ជជុះ គាបជម្រិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ឱ្យបង់លុយពីសំណាក់ នគរបាលសេដ្ឋកិច្ចខេត្តបន្ទាយ មានជ័យ ឱ្យមានប្រសិទ្ធភាពឡើងវិញ ហើយប្រសិនបើអាច គួរតែដោះដូរលោក ចាប សុផាឫទ្ធិ កាន់តែឆាប់កាន់តែល្អ ព្រោះថាកិត្តិស័ព្ទរបស់ លោកចាប សុផាឫទ្ធិ ល្បីល្បាញខាងជាន់ឈ្លី និងគាបជម្រិតប្រជាពលរដ្ឋ ឈ្មួញ និងអ្នករកស៊ីឱ្យបង់លុយតាមតែទំនើងចិត្ត ។
ប្រជាពលរដ្ឋក៏បានលើកឡើងថា គោលដៅទី ១ ហួសស្ពានទឹកថ្លា ប្រមាណជាង ១០០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ គេឃើញប៉ូលិស១ក្រុមគ្រប់គ្រងដោយលោក ទិត្យ ណារិន ធ្វើសកម្មភាពក៏មិនធម្មតាទេ ដែលធ្វើឱ្យក្រុមអ្នករត់តាក់ស៊ី អ្នកដឹកទំនិញស្ទើរស្រែកយំរាគនោមដាក់ខោគ្រប់ៗគ្នា ។
គោលដៅទី ២ នៅចំណុចគល់ស្ពានសែនសិន ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណដែរ នៅជិតស្នងការខេត្តបន្ទាយមានជ័យ ដែលលោកស្នងការក៏បានមើលឃើញក្រុមនេះទាំងព្រឹកទាំងល្ងាចទាំងយប់ទាំងថ្ងៃផងដែរ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ពេលខ្លះគ្រាន់តែដឹកអាចម៍មាន់ អាចម៍គោ យកទៅ ធ្វើជី ដាក់ដំណាំក៏ក្រុមរបស់លោក ចាប សុផាឫទ្ធិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ចេញរថយន្តតាមប្រដេញឱ្យចូលបង់លុយចំនួន ២ម៉ឺនរៀល ឬ ៤ម៉ឺនរៀលដែរ បើទោះបីជាដឹងថា ប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់ អាចម៍គោ មិនមែនជាទំនិញដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់ក៏ដោយ ។
ដើម្បីលុបបំបាត់ភាពសកម្មអំពើបក្ខពួកនិយម ជាពិសេសបញ្ហាកុងត្រូលជជុះរបស់នគរបាល សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យគេចង់ឃើញលោក អាត់ ខែម ដែលជាស្នការខេត្តបន្ទាយមានជ័យ ធ្វើការកែទម្រង់ឱ្យ បានស៊ីជម្រៅផង ព្រោះថា មន្ត្រីមួយចំនួនក៏បានលើកឡើងផងដែរថា ដើម្បីលុបបំបាត់ភាព អសកម្ម និងស្តារកិត្តិយសនគរបាលខេត្តបន្ទាយមានជ័យឡើងវិញ រឿងដែលត្រូវធ្វើមុនគេ គឺការផ្លាស់ប្តូរតំនែងលោក ចាប សុផាឫទ្ធិ ពីនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចមិនដែលខ្វល់ពីសេចក្តី ណែនាំរបស់ថ្នាក់លើនោះទេ ជាពិសេសហ៊ានបំពានជាន់ឈ្លីគោលការណ៍របស់អគ្គស្នងការនគរបាលជាតិទៀតផង ។
ភាពមិនប្រក្រតីដើម្បីប្រមូលលុយច្រក ហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនក្រែងញញើតពីចំណាត់ការ របស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ ដូចដែលឈ្មួញជាច្រើនបានលើកឡើងថា ការដឹកនាំរបស់លោក អាត់ ខែម មានភាពធូររលុង ទើបលោក ចាប សុផាឫទ្ធិ មានឱកាសជិះសេះលែងដៃ ដែលគេសង្ស័យថា មានការពាក់ព័ន្ធ នឹងលោក អាត់ ខែម នៅពីក្រោយផងក៏អាចថាបាន ហើយដែលបញ្ហានេះមិនគួរក្រសួងមហាផ្ទៃមើលរំលងនោះទេ ។
ប្រជាពលរដ្ឋ និងអ្នករកស៊ីបាននិយាយថា ស្រុក-ក្រុងចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ នៅតាមបណ្តោយជាយដែនរួមមានស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកស្វាយចេក ពិសេសក្រុងប៉ោយប៉ែត គឺឈ្មួញកំពុងនាំចូលម៉ូតូក្តៅ និងទំនិញគេចពន្ធគ្រប់ប្រភេទមកពីប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង ធ្វើឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសលោក ចាប សុផាឫទ្ធិកំពុងតែសប្បាយក្នុងការ ប្រមូលលុយ ពីឈ្មួញទាំងនោះ ហើយបទល្មើសនៃការនាំទំនិញមិនបង់ពន្ធ ពីប្រទេសថៃទាំងមូល តាមច្រកព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ គឺស្ថិតក្រោមការគ្រប់គ្រងនិងក្តោបក្តាប់ ចំណូលទាំងអស់ដែល មិនគួរថ្នាក់លើមើលរំលងលោកចាប សុផាឫទ្ធិនោះទេ ។ ជុំវិញការលើកឡើងរបស់ឈ្មួញនិងប្រជាពលរដ្ឋនេះ កាសែតអរិយធម៌មិនអាចសុំការបកស្រាយពី លោកមេប៉ូលិសសេដ្ឋកិច្ចនោះបានទេ កាលពីម្សិលមិញ៕ ដោយ៖ បុរី