ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថ និងនគរបាលខណ្ឌមាន ជ័យចាប់ឃាត់ខ្លួនបាន នៅចំណុចជាប់នឹងផ្លូវចូលប៉ុស្តិ៍រដ្ឋបាល នគរបាលស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១២ និង១៥នាទី យប់ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកទាំង ៣នាក់ បានដកកាំភ្លើងខ្លីចេញពីចង្កេះ ភ្ជង់ទៅលើសមត្ថកិច្ច ខណៈកម្លាំងសមត្ថកិច្ចនគរបាល ហៅឲ្យឈប់ពេលដែលពួកគេ ជិះម៉ូតូពីរគ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាកធូដេ និងមួយគ្រឿងទៀត ម៉ាក សង់សេ ១២៥ ។
មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ គឺដំបូងឡើយ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានជិះល្បាត ក្នុងមូលដ្ឋានខ្លួនដូចធម្មតា ស្រាប់តែមកដល់វេលាកើតហេតុ ក៏ប្រទះឃើញ ជនសង្ស័យទាំង៣នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក កូនទា និងមួយគ្រឿងទៀត ម៉ាកសង់សេ ១២៥ ជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក៏ធ្វើការហៅឲ្យឈប់ដើម្បីធ្វើ ការឆែកឆេរ ខណៈនោះជនសង្ស័យទាង៣នាក់ មិនបានឈប់ តែបែរជាបន្ថែមល្បឿនម៉ូតូព្យាយាមរត់គេច រហូតចូលដល់ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទើបត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យពួនស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលជិះម៉ូតូកូនទា ចំណែកជនសង្ស័យ ២នាក់ទៀត ដែលជិះម៉ូតូសេ១២៥ បានព្យាយាមរត់គេចបន្ថែម ប៉ុន្តែសមត្ថកិច្ចនៅតែដេញតាមប្រមាញ់ យ៉ាងប្រថាត់ប្រថាយ លុះជិះដល់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្រាប់តែជនសង្ស័យម្នាក់ ដែលរួមដំណើរពីក្រោយ បានដកកាំភ្លើងខ្លី ចេញពីក្នុងកាបូកស្ពាយដៃរបស់ខ្លួន ភ្ជង់ទៅសមត្ថកិច្ចធ្វើឲ្យសមត្ថកិច្ច ស្ទាក់ស្ទើរចិត្ត ក្នុងការជិះដេញតាម ព្រោះខ្លាចមានការផ្ទុះអាវុធ បង្កឲ្យមានការ ភ្ញាក់ផ្អើល ឬមានមនុស្សរងរបួស ។ សមត្ថកិច្ចបានបង្អង់ម៉ូតូដែលបានជិះដេញតាមជនសង្ស័យ ចម្ងាយជាង ៥០ម៉ែត្រ ធ្វើឲ្យជនសង្ស័យឆ្លៀតឱកាស ជិះម៉ូតូរត់គេចខ្លួនបាន ដោយសុវត្ថិភាព ។
ចំពោះអត្តសញ្ញាណជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ខាងលើនេះ សមត្ថកិច្ចនៅមិនអាន់អាច បញ្ជាក់បាននៅឡើយទេ ព្រោះដើម្បីកំណត់មុខសញ្ញាបន្ត ។ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ រង់ចាំសាកសួរនាពេលក្រោយបន្ថែម ៕