ក្រចេះ៖សត្វផ្សោតញីទឹកសាបមួយក្បាលទម្ងន់១០៥គីឡូក្រាមស្លាប់អណ្តែតទឹកត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងបានរាយការណ៍ជូនសមត្ថកិច្ចសង្ស័យថាស្លាប់ដោយសារការជាប់មង របស់ក្រុមជនខិលខូប ដែលដាក់រាយនៅក្នុងតំបន់អភិរក្សដោយ មិនមានការ ហាមឃាត់ ឬ ចំណាត់ការរបស់ក្រុមជំនាញ ឬ សមត្ថកិច្ចឆ្មាំទន្លេរមេគង្គ ដែលឈរជើង នៅចំនុចនានាតាមតំបន់អភិរក្សសត្វផ្សោតនៅក្នុងខេត្តក្រចេះ។
បើតាមការសន្និដ្ឋានរបស់ក្រុមឆ្មាំទន្លេរមេគង្គ បាននិយាយឲ្យដឹងថា៖សត្វផ្សោតនេះ ទំនងជាស្លាប់ប្រមាណ៣ ទៅ ៤ថ្ងៃកន្លងទៅហើយ ប្រហែលជាវា តាមចាប់ចំណីររហូតដល់ កន្លែងដាក់រាយមងទើបបណ្តាលឲ្យវាជាប់មងស្លាប់បែបនេះ។
ការចាប់បានសត្វផ្សោតស្លាប់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែត ទឹកទន្លេរមេគង្គ នៅព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៣ ត្រង់ចំណុចភូមិរកា កណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ បានអូសចូលខាង ហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីយកសាកសពសត្វផ្សោតនោះ ទៅរក្សាទុកនៅខ័ណ្ឌរដ្ឋបាល ជលផលក្រចេះ។
លោក នុត គឹមសាន្ត ប្រធានឆ្មាំទន្លេរមេគង្គខេត្តក្រចេះ មិនអាចសុំការបំភ្លឺបានឡើយ ពាក់ព័ន្ធនិងករណីសត្វផ្សោតស្លាប់ តែបើតាមប្រភពព័ត៌មានពីតំបន់អភិរក្សបានឲ្យដឹងថា សព្វថ្ងៃគេដឹងថាមានឆ្មាំទន្លេរចំនួន១០ប៉ុស្តិ៍ ចាប់ពីចំនុចក្បាលសង្កាត់កោះទ្រង់ ក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ដែលមានអ្នកបំរើការងារជាង ៧០នាក់ សម្រាប់ការ យាមកាម តាមអង្កេត ឃ្លាំមើលរាល់បទល្មើសនានាតាមដងទន្លេរមេគង្គ ជាពិសេសតំបន់ អភិរក្ស តែអស់លោកទាំងនោះមិនដឹងថា កំពុងធ្វើសកម្មភាពអ្វីនោះទេ ទំនងជាត្រូវបានក្រុម ជនបំពានច្បាប់ទាំងនោះ បានផ្តល់លាភសក្ការៈដ៏សម្បើមហើយមើលទៅ។
លោក សៀន គិន ប្រធានរដ្ឋបាលជលផលក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន តាម ទូរស័ព្ទនៅព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៣ ថា៖ បន្ទាប់មន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលធ្វើការ ថ្លឹង និងវាស់វែងរួចមានទម្ងន់១០៥គីឡូក្រាម ប្រវែង២០៣សង់ទីម៉ែត្រ ត្រូវបានអង្គការWWF ប្រចាំខេត្តក្រចេះ យកទៅរក្សាទុកនៅតំបន់អភិរក្សសត្វផ្សោតកាំពី ដើម្បីធ្វើជាគំរូ ដល់ សាធារណៈជននិងមន្ត្រីឆ្មាំទន្លេកុំឲ្យប្រព្រឹត្តអំពើឃុបឃឹតខុសច្បាប់ដែលជាហេតុនាំឲ្យសត្វដ៏កម្រនេះ រងការវិនាស ផុតពូជ ហើយធ្វើឲ្យបាត់បង់អត្តសញ្ញាណរបស់ខេត្តទៀតផង។ លោកបានឲ្យដឹងបន្ថែមថា៖ចំពោះករណីខាងលើមិនមានពាក់ព័ន្ធជាមួយនិងខ័ណ្ឌរដ្ឋបាលជលផលនោះឡើយ វាជាដែន សមត្ថកិច្ចរបស់មន្ត្រីអភិរក្សនៅទីនោះ ហើយការរាយមងនៅក្នុងតំបន់អភិរក្សក៏មិនត្រូវកើត មានបន្តជាដាច់ខាត៕
ដោយ៖ កែវ រដ្ឋា