ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម បុកម៉ូតូពីរគ្រឿង ក្នុងពីរទីតាំងខុសគ្នាបណ្តាលអោយបុរស៣នាក់ រងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក និងទីតាំងទី២ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កាលពីវេលាម៉ោង ២១ និង ០០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
នៅមុនកើតហេតុ គេសង្កេតឃើញ បុរសខាងលើបើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8820 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២២១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវលេខ២២១ កែងនឹងផ្លូវលេខ ១១៨ ស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿមម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ បណ្តាលអោយដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសបាក់ជើង ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តាមបណ្តោយផ្លូវព្រះកម្ពុជាក្រោម រហូតមកឈប់ត្រឹមបណ្តោយ ផ្លូវព្រះនរោត្តមក្បែរនឹងវិមានឯករាជ្យ ប៉ុន្តែដោយសារឃើញ មានអ្នកដំណើរ ក៏ដូចជាប្រជាពលរដ្ឋដេញតាម ច្រើនពេកបុរសជាម្ចាស់រថយន្ត ក៏បានបន្ថែមល្បឿនរថយន្តបន្តបើករត់ រហូតដល់ចំណុចទល់មុខស្ថានទូតថៃ ស្រាប់តែជ្រុលល្បឿនបើកបុកម៉ូតូឃ្លីកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AS-9679 ជិះធ្វើដំណើរ ដោយយុវជនពីរនាក់ បានបុកពីក្រោយពេញទំហឹងបណ្តាលអោយម៉ូតូ និងមនុស្សត្រូវផ្លោងជាង២០ម៉ែត្រ ផ្ទប់ទៅនឹងដើមឈើ រងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនមកដឹកយកទៅ សង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបានរេចង្កូតទៅបុកផ្ទប់នឹងដើមឈើ ជាប់នឹងរបងគណបក្សប្រជាជន ពេញទំ ហឹងបណ្តាលអោយផ្ទុះពោងសុវត្ថិភាពបន្តដំណើរទៅមុខលែងរួច ទោះបីជាយ៉ាងណា ម្ចាស់រថយន្តបង្កខាងលើក៏ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍វាស់វែងស្ទូច យក រថយន្តខាងលើ និងម៉ូតូជនរងគ្រោះទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូចច្បាប់៕
» ព័ត៌មានជាតិ » ស្រវឹងស្រាបើកឡានបុក ម៉ូតូមួយកន្លែង បើកគេចទៅបុកមួយគ្រឿងទៀតរបួសធ្ងន់ស្រាល៣នាក់