ភ្នំពេញ ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១២ សីហា លោក ប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់វិធានការដល់ខណ្ឌទាំង៩ពិសេសខណ្ឌដែលមានភូមិសាស្ត្រជាប់ដងទន្លេមេគង្គត្រូវចាត់វិធានការបញ្ឈប់ការបូមខ្សាច់ក្នុងមូលដ្ឋានរបស់ខ្លួនជាបន្ទាន់ចាប់ពីពេលនេះទៅ ។
លោក អភិបាលបន្តថាសាលារាជធានីភ្នំពេញក៏ត្រូវធ្វើការពិនិត្យពិចារណាចំពោះការស្នើរសុំបូមខ្សាច់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវឆ្លងកាត់សាលារាជធានីភ្នំពេញជាមុន និងត្រូវមានការទទួលខុសត្រូវនិងមិនត្រូវឆ្លើយដាក់គ្នារវាងស្ថាប័នពាក់ព័ន្ធ ។
ក្រោយពីសង្កេតឃើញមានចំណុចអសកម្មជាច្រើននិងបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋលើផលប៉ះពាល់បរិស្ថាននិងផលប្រយោជន៍ប្រជាពលរដ្ឋ ។ លោក ប៉ា សុជាតិវង្សក៏បានណែនាំដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងកំរិតខ្ពស់ជាងពេលណាណាទាំងអស់ ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានី
ភ្នំពេញឲ្យបានល្អប្រសើរពិសេសចាប់ពីក្រោយ គ.ជ.ប ប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ននាព្រឹកថ្ងៃទី១២ សីហានេះតទៅ ។
លោកសង្កត់ធ្ងន់ថា ត្រូវតាមដានការប្រែប្រួលសភាពការផ្សេងៗនិងទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះអំពើដែលនាំឲ្យមានអស្ថិរភាពសង្គមបង្កឲ្យមានអំពើហិង្សានិងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ៕
ដោយ៖ វិជ្ជា