កំពង់ចាម ៖ ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានចុះទៅអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករ ស្ថិតនៅឃុំចំនួន៥ របស់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈកំពុងជួប បញ្ហាខ្វះខាតទឹកកាលពីរសៀល និងព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
មន្ត្រីមន្ទីរ ធនធានទឹក ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ស្រូវប្រមាណ១.៦៩៥ ហិកតា ស្ថិតក្នុង ឃុំព្រែកពោធិ៍, ខ្នារស, ទងត្រឡាច, ស្វាយពោធិ៍ និងឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងជួបកង្វះខាតទឹក យ៉ាងខ្លាំង ដូច្នេះប្រសិនបើពុំមានវិធានការ បូមទឹកសង្គ្រោះទេ ស្រូវទាំងនោះ អាចប្រឈមនឹងការខូចខាត ប៉ះពាល់ដល់ ស្ថានភាពជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ ក្នុងឃុំទាំង៥ខាងលើនេះ ។
មន្ត្រីបានថ្លែងទៀតថា ដោយសារតែមានបញ្ហានេះ កើតឡើង រដ្ឋមន្ត្រីក្រសួង ធនធានទឹក លោក លឹម គានហោ បានបញ្ជាឲ្យក្រុមការងារ នៅមន្ទីរចុះទៅជួយ អន្តរាគមន៍ជាបន្ទាន់ ។
បើតាមមន្ត្រី ដដែលនេះ នៅព្រលប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រូវប្រមាណ២៤០ហិកតា ត្រូវបានសង្គ្រោះរួចរាល់ ហើយជាង១ពាន់ហិកតា កំពុងបន្តចុះអន្តរាគមន៍បូមទឹក ដែលប្រភពទឹកទាំងនោះ យកមកពីទន្លេមេគង្គ ស្ថានីយហ៊ុន សែនទី៣០, ៣១, ៣២ និងទី៣២ ។
មន្ត្រីធនធានទឹក បានបញ្ជាក់ថា ប្រតិបត្តិការ ជួយសង្គ្រោះស្រូវរបស់ ប្រជាកសិករ ទាំងនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ មិនធ្វើឲ្យពួកគាត់ មានការព្រួយ បារម្ភនោះឡើយ ហើយប្រជាពលរដ្ឋ ជាម្ចាស់ស្រូវ មានការសប្បាយចិត្ត យ៉ាងខ្លាំងចំពោះកិច្ច អន្តរាគមន៍ ទាន់ពេលវេលា របស់មន្ទីរធនធានទឹក ខេត្តកំពង់ចាម៕