ភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូប្រដាប់ដោយអាវុធខ្លីបាញ់ ប្រហារជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅមុខហាង លក់ផ្លែឈើយីហោឡោ តិចសេង ខណៈជនរងគ្រោះចុះពីលើរថយន្តបម្រុងដើរចូលទិញផ្លែឈើ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន កើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោតិចសេង ផ្ទះលេខ៤៦៤BE0 ផ្លូវលេខ២៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ដោយជិះរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ឈាមជ្រូក ភ្នំពេញ 2M-1683 ។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាងពេជ្រហុងកុង នៅជិតផ្សារថ្មី។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តស៊េរីទំនើបខាងលើតាម បណ្តោយផ្លូវលេខ២៧៤ ពេលមកដល់មុខហាងលក់ផ្លែឈើខាងលើក៏ឈប់រថយន្តចុះមកទិញផ្លែឈើ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំ ម៉ាកមកឈប់អែបនឹងជនរងគ្រោះ ហើយក៏ដកកាំភ្លើងបាញ់សំដៅទៅជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមមុខហាងលក់ផ្លែឈើនោះតែ ម្តង ។ ក្រោយពីបាញ់ជនរងគ្រោះហើយជនសង្ស័យទាំង២នាក់បានជិះម៉ូតូគេច ខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ និងធ្វើកំណត់ហេតុដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យខាងលើ ។ ប៉ុន្តែជាជំហានដំបូងសមត្ថកិច្ចជំនាញសន្និដ្ឋានថា អាចជាករណីគំនុំដោយជនសង្ស័យបានគិតទុកជាមុន ៕