ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ និងនគរបាលព្រហ្មទណ្ឌខណ្ឌបានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលតែងធ្វើសកម្មភាព លួចកាត់សោ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រសង្កាត់ ច្បារអំពៅទី១ ។
ជនសង្ស័យដែលកម្លាំងរបស់ លោកឃាត់ខ្លួននេះ ឈ្មោះ ម៉ៅ សំណាង អាយុ ២០ឆ្នាំ មុខរបរ និងការស្នាក់នៅ មិនពិតប្រាកដ, ទី២-ឈ្មោះ នេត ប្រាក់ អាយុ ៣០ឆ្នាំ ជាកម្មករ សំណង់ និងទី៣-ឈ្មោះ កឹម តយ អាយុ ១៨ឆ្នាំ ។ ទាំង២នាក់នេះ ស្នាក់នៅភូមិព្រែក សង្កាត់ ច្បារអំពៅទី១ ។
នៅយប់កើតហេតុ កម្លាំងល្បាតក៏ប្រទះមុខ សញ្ញាសង្ស័យម្នាក់ ដែលកំពុងឈររេរានៅមុខផ្ទះមួយកន្លែង តាមផ្លូវមាត់ទន្លេ ពេលនោះកម្លាំងល្បាតក៏បាន ចុះសួរនាំ ប៉ុន្តែជនសង្ស័យ ក៏ស្ទុះរត់ តែត្រូវកម្លាំងស្ទាក់ ចាប់បាន ទើបជនសង្ស័យ ឆ្លើយថា មានគ្នីគ្នាទៀត ទើប កម្លាំងឈាន ទៅចាប់បាន២នាក់ ។ លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ គឺជាមុខសញ្ញាគាស់ផ្ទះរបស់ ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិ សាស្ត្រសង្កាត់ច្បារ អំពៅនេះ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ និងកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ផ្ដន្ទាទោសតាមនិតិវិធីច្បាប់៕