ភ្នំពេញ ៖ អង្ករកម្ពុជាទទួលបានពានរង្វាន់ “អង្កររសជាតិឆ្ងាញ់ជាងគេបំផុតក្នុងលោក” ម្ដងទៀតហើយ!អង្កររបស់ប្រទេសកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងឆ្នាំ២០១៤ នេះទៀត ក្នុងកម្មវិធីប្រកួតរសជាតិអង្ករឆ្ងាញ់ប្រចាំឆ្នាំ២០១៤ នៅក្នុងសន្និសីទអង្ករពិភពលោកលើកទី៦ នៅសណ្ឋាគារសូហ្វីសតែលរាជធានីភ្នំពេញ។
ប្រធានគណៈកម្មការអង្ករពិភពលោក លោក Jeremy Zwinger បានប្រកាសនៅព្រឹកនេះថា អង្កររបស់កម្ពុជា (អង្ករផ្ការំដួល) បានជាប់ចំណាត់លេខ ១ ក្នុងកម្មវិធីប្រកួតប្រជែងរសជាតិអង្ករឆ្ងាញ់ប្រចាំឆ្នាំ២០១៤ នេះ ស្របពេលដែលថៃ ក៏ទទួលបានចំណាត់ថ្នាក់លេខមួយដែរ។ ការផ្តល់ពិន្ទុពីរស់ជាតិអង្ករនេះ មានការចូលរួមពីអ្នកជំនាញចុងភៅជាតិ និងអន្តរជាតិដោយផ្តល់ពិន្ទុយ៉ាងសុក្រឹតចំពោះគុណភាពអង្ករដែលបានចូលរួមប្រកួត។
គួររំលឹកថា អង្កររបស់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ជាអង្ករឆ្ងាញ់ ជាងគេ(Worlds Best Rice) នៅលើពិភពលោកចំនួនបីឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១២ មក ក្រោមកម្មវិធីប្រកួតរសជាតិអង្ករឆ្ងាញ់ប្រចាំឆ្នាំ (Annual The Rice Trader World Rice Conference)។ កម្មវិធីប្រកួតប្រចាំឆ្នាំ ២០១២ បានប្រព្រឹត្តទៅនៅក្រុងបាលី នាប្រទេសឥណ្ឌូណេស៊ី និងឆ្នាំ២០១៣ នៅទីក្រុងហុងកុង.
ក្នុងការប្រកួតប្រជែងអង្ករពិភពលោកលើក ទី៦ កាលពីថ្ងៃទី២០ខែវិច្ឆិកា នៅរាជធានីភ្នំពេញ មានប្រឡងដាក់ឲ្យភ្លក់រសជាតិបាយចំនួន២៥ប្រភេទពីប្រទេសចំនួន១៥ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម ឥណ្ឌាភូមា ជាដើម ដែលរៀបចំឡើងដោយសហព័ន្ធអង្ករកម្ពុជា (Cambodia Rice Federation)។ ក្នុងការប្រកួតប្រជែងនោះ អង្ករថៃក៏ទទួលបានចំណាត់ថ្នាក់លេខ១ ដែរ។
ប្រធានផ្នែកប្រតិបត្តិការនៃសហគ្រាសសេដាក (CEDAC) លោក ស៊ូ សាវ៉នដែលបានអញ្ជើញចូលរួមក្នុងការប្រកួតប្រជែងរសជាតិអង្ករសម្រាប់ ឆ្នាំ២០១៤ នេះ មានប្រសាសន៍កាលពីយប់ថ្ងៃទី២០ វិច្ឆិកា ថាអង្ករខ្មែរក្រអូបផ្ការំដួល បានទទួលចំណាត់ថ្នាក់លេខ១ ចំនួន៣ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ នេះ។ មន្ត្រីសហព័ន្ធអង្ករកម្ពុជា ឲ្យដឹងថា ក្នុងអំឡុង ១០ខែឆ្នាំ២០១៤នេះ កម្ពុជា បាននាំអង្ករចេញទៅលក់នៅក្រៅប្រទេសចំនួនជាង៣០ម៉ឺនតោន (៣០៤.៧៨៨តោន) គិតជាទឹកប្រាក់ប្រមាណ ១៨០លានដុល្លារ៕