ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នា លើស្ពានកោះពេជ្រ គម្រប់ខួប ៤ ឆ្នាំ នៅស្តូប នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឧបទ្ទវហេតុនេះ បានបណ្តាលអោយមនុស្ស ប្រមាណជាង ៣៤០ នាក់ ស្លាប់ និងជាង ៧០០ នាក់ទៀត បានរងរបួស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅស្ពានពេជ្រ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បន្ទាប់ពីកើតហេតុ មិនយូរប៉ុន្មានផង ស្ពានពេជ្រ ដែលឆក់យកជីវិតមនុស្សជាង ៣០០ នាក់នោះ ត្រូវបានគេរុះរើចោលទាំងស្រុង។
ពិធីនេះប្រព្រឹត្តទៅ នៅស្តូបក្បែរស្ពាននាគ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ រួមនឹងបងប្អូនសាច់ញាតិ ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ជាពិសេសក្រុមគ្រួសារ នៃជនរងគ្រោះ បានចូលរួមរាប់បាត្រ ប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិត ក្នុងហេតុការណ៍នោះ៕