កំពង់ធំ ៖ កម្លាំងសមត្ថកិច្ច ខេត្តកំពង់ធំ រួមមាន កម្លាំងនគរបាល ថ្នាក់ស្នងការ ថ្នាក់ស្រុក ថ្នាក់ក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរ ពាក់ព័ន្ធជាច្រើននាក់ កំពុងតាមចាប់ខ្លួន ជនសង្ស័យ ២នាក់ ដែលធ្វើសកម្មភាព បាញ់ប្លន់យកគ្រឿងអលង្កា និងលុយពីអាជីវករ២នាក់ប្តីប្រពន្ធលក់មាស និងប្តូរប្រាក់នៅផ្សារ តាំងគោក ស្ថិតនៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៥៖២០នាទី ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការ នគរបាល ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា «នៅវេលា ម៉ោងកើតហេតុ នៅចំណុច ភូមិតាំងគោក ឃុំសូយោង មានករណីលួច មានស្ថានទម្ងន់ បង្កឡើងដោយជនសង្ស័យ២នាក់ ប្រដាប់ដោយ អាវុធខ្លី បានភ្ជង់ នឹងបាញ់ទៅ លើជនរងគ្រោះ ជាអាជីវករ លក់មាស និងប្តូរប្រាក់ ពេលកំពុងធ្វើដំណើរ ដោយម៉ូតូចេញពីផ្សារ តាំងគោក ត្រឡប់មកផ្ទះ បានចម្ងាយប្រហែលជាង២០០ម៉ែត្រពីផ្សារ ជិត ដល់ផ្ទះរបស់ខ្លួន»។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ហេតុការណ៍ បាញ់ប្លន់នេះ បានបណ្តាលឲ្យ ស្ត្រីជាប្រពន្ធ មានឈ្មោះ ហែម សៀកនន់ អាយុ៤៧ឆ្នាំ របួសភ្លៅទាំងសងខាង ។
លោកឧត្តមសេនីយ៍ ជូ សំអាន បានបន្តទៀតថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ ទាំង២នាក់ បានគេចខ្លួនបាត់ តាមម៉ូតូមួយគ្រឿង ។ ដោយឡែក ការបាត់បង់មាស ប្រាក់ដែល ជនល្មើសយកទៅ យើងក្តាប់មិនទាន់បាននៅឡើយទេ ដោយសារតែ គ្រួសារជនរងគ្រោះ ជាប់រវល់បញ្ជូន ជនរងគ្រោះ ទៅព្យាបាល នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។
ស្នងការ នគរបាល ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាមៗ ពីករណីបាញ់ប្លន់ ខាងលើនេះ លោកបានបញ្ជាឲ្យ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការដ្ឋានខេត្ត និងថ្នាក់ស្រុក ដោយប្រើប្រាស់ កម្លាំងសរុប ៩១នាក់ (ន.បខេត្ត ស្រុក និងក្រសួង) រួមសហការជា មួយកងរាជអាវុធហត្ថ យោធា ធ្វើសកម្មភាព ក្នុងភូមិសាស្ត្រ៤ឃុំ (សូយោង,ពង្រ,ស្រឡៅ និងជ្រលង) តែជាលទ្ធផល សមត្ថកិច្ច បានរកឃើញ ម៉ូតូជនសង្ស័យ ទំលាក់ចោល១គ្រឿង ម៉ាកសេ១២៥ សេរី២០១០។
យ៉ាងណាក៏ដោយ បើតាមលោកឧត្តមសេនីយ៍ បច្ចុប្បន្នកម្លាំង សមត្ថកិច្ចរបស់លោក បាននិងកំពុងបន្តប្រតិបត្តិ ចាប់ស្វែងរកចាប់ខ្លួន ជនសង្ស័យទាំង២នាក់ យកមកផ្តន្ទាទោស តាមផ្លូវ ច្បាប់ ៕