កំពង់ឆ្នាំង៖ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី២០ខែវិចិ្ឆកា ២០១៤ បានបញ្ជូនយុវជនស្ទាវជនសង្ស័យចំនួន៩នាក់ទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីយុវជនខាងលើ ត្រូវបាននារីរងគ្រោះជាកម្មការិនីកាត់ដេរប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានរួមគ្នាធ្វើសកម្មភាពចាប់រំលោភបូកនារីរងគ្រោះម្នាក់ ក្នុងចំណោមពួកនាង ៣ នាក់ដែលបានប្រព្រឹត្តឡើងកាលពីវេលម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមាត់បឹងចាន់កៀក ស្ថិតក្នុង ភូមិចាន់ កៀក ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខណៈដែលជនសង្ស័យខាងលើបានរួមគ្នាបញ្ឆោតពួកនាងឌុបទៅហូបបង្អែម ។
លោក ហ៊ុល វាសនា អធិការ នគរបាលស្រុកកំពង់ត្រឡាចបាននិយាយថា ជនសង្ស័យទាំង៩នាក់មាន១ឈ្មោះ ម៉ាត់ អែល អាយុ២៥ឆ្នាំ ២ឈ្មោះ លី សូម អាយុ២៣ ឆ្នាំ ៣ឈ្មោះ សា អែល អាយុ១៩ឆ្នាំ ៤ឈ្មោះ លី ឃាក់ អាយុ១៨ឆ្នាំ ៥ឈ្មោះ ទិត្យ ប៉ូ ហៅសាអាយុ២០ឆ្នាំ ៦ឈ្មោះលី វ៉ាន់នី អាយុ២០ឆ្នាំ៧ឈ្មោះ ហ៊ឹម ទិត្យ អាយុ ២១ឆ្នាំ ៨ឈ្មោះ លី ស៊ីម អាយ១៩ឆ្នាំ និង៩ឈ្មោះ សុខ អែល អាយុ២០ ឆ្នាំ
ទាំង៩នាក់ជាជនជាតិឥស្លាម មានទីលំនៅភូមិចាន់កៀក ។ ចំណែកនារីរងគ្រោះ ម្នាក់ក្នុងចំណោម៣នាក់ ដែលមានអាយុ១៧-១៨ និង២០ឆ្នាំ មានទីលំនៅភូមិឧញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចពួកនាងជាកម្មករោងចក្រ នៅលង្វែក ។
លោក អធិការបានបន្តថា ដំបូងនារីរងគ្រោះម្នាក់ក្នុងចំណោមពួកនាងទាំងបីនាក់ ត្រូវបានក្រុមជនល្មើសបានស្គាល់គ្នាពីពេលណាមកទេតែនៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពួកនាងកំពុងធ្វើការនៅក្នុងរោងចក្រ ក្រុមជនសង្ស័យបានទូរសព្ទ័ទៅបបួលពួកនាងថាទៅហូបបង្អែមនៅផ្សារឧត្តង្គ ។ហើយនារីម្នាក់ដែលបានស្គាល់យុវជននោះ ប្រាប់តាមទូរស័ព្ទថា គ្នាខ្ញុំមាន២នាក់ទៀត ឲ្យទៅទាំងបីនាក់ទៅ លុះម៉ោង៥ល្ងាចពួកនាងបានចេញពីធ្វើការក្នុងរោងចក្រ ពួកជនសង្ស័យ៦នាក់មានម៉ូតូ៣គ្រឿងបានទៅទទួលនាងទៅហូបបង្អែម តែពេលចេញដំណើរមកមិនបានឌុបពួកនាងទៅផ្សារឧត្តង្គនោះទេ បែជាឌុបពួកនាងចុះទៅភូមិកំពង់ត្រឡាចក្រោម ហើយបាននាំគ្នាអង្គុយផឹកនៅមាត់ទន្លេរទៅវិញ ។ ក្នុងពេលកំពុង ផឹកនោះ ក្រុមនារីរងគ្រោះមិនបានទៅអង្គុយក្នុងតូបជាមួយទេ គឺនាំគ្នាឈរចាំនៅលើថ្នល់ ក្នុងពេលផឹកស៊ីនោះ ក្រុមជនសង្ស័យមានគ្នាដល់ទៅ៩នាក់ដែលជាអ្នកភូមិជាមួយគ្នា និងបានរៀបគម្រោង ចាប់ ពួកនាងរំលោភតាមផ្លូវរួចជាស្រចទៅហើយ ។
លោកអធិការបានបន្តថា ក្រោយពីបានផឹកស៊ីហើយ ក្រុមជនសង្ស័យខាងលើបានឌុបពួកនាងមកវិញ តែមកតាមផ្លូវបានចូលផឹកមួយកន្លែងទៀត ពេលនោះឃើញសភាពមិនស្រួលពួកនារីរងគ្រោះទាំង៣នាក់បាននាំគ្នារត់ តែត្រូវក្រុមជនសង្ស័យខាងលើលើកគ្នាដេញចាប់បានម្នាក់ក្នុងចំណោមនារី រងគ្រោះទាង៣នាក់ ហើយត្រូវក្រុមនោះចាប់រំលោភម្តងម្នាក់យ៉ាងព្រៃផ្សៃតែម្តង ។
ដោយឡែកនារីរងគ្រោះ២នាក់បានទូរសព្ទ័ទៅក្រុមគ្រួសារអំពីអំពើ ចាប់រំលោភនេះ ទើបនៅវេលាម៉ោង១០និង៣០នាទីយប់ ខណៈពេលពួកគេនាំគ្នាឌុបនារីរងគ្រោះទៅផ្ទះវិញត្រូវកម្លាំង សមត្ថកិច្ច ចាប់ខ្លួនបានមួយចំនួន និងមួយចំនួនទៀតបានចាប់នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ។ ជនសង្ស័យទាំង៩នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាចកសាង សំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបំពេញសំណុំរឿងបន្ថែម បញ្ជូនទីកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ គិរីពេជ្រ