ខេត្តកណ្តាល ៖ ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូអូសរទេះអេតចាយត្រូវរថយន្តកូរ៉េចំណុះ១តោនបើក បុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ណ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង ២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CQ-3251 ដោយប្តីជាអ្នកឌុប និងប្រពន្ធជិះពីក្រោយមានអូសរទេះអេតចាយ ។ ប្តីឈ្មោះ ចៀម ហុង អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ហួត សាវឿន អាយុ៣០ឆ្នាំ រងរបួសធ្ងន់ទាំងអស់គ្នា ។ រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកណ្តាល 2A-4921 បន្ទាប់ពីកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
មុនពេលគ្រោះថ្នាក់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមានមុខរបរ ទិញលក់អេតចាយបានជិះម៉ូតូអូសរទេះអេតចាយពីក្រោយក្នុងទិសដៅ ពីអ្នកលឿងមកភ្នំពេញ ។ ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបានបើកជែងម៉ូតូនៅពីមុខ ពេលកំពុងជែងស្រាប់តែរថយន្តបង្កបើកមកពីក្រោយក្នុងល្បឿនលឿន ជាន់ហ្វាំងមិនទាន់ក៏បុកពេញទំហឹងអូសជាង១០ម៉ែត្រ ចំណែកជនរងគ្រោះទាំង២នាក់បានខ្ទាតទៅចិញ្ចើមផ្លូវរងរបួសធ្ងន់ ទាំងអស់គ្នា ។
បន្ទាប់ពីកើត ហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ហើយជនរងគ្រោះទាំង២នាក់ត្រូវរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុក ដឹកមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
លោកវរសេនីយ៍ឯក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា មួយរយៈកន្លងទៅនេះសភាពការណ៍បទល្មើសផ្នែកព្រហ្មទណ្ឌមានការថយ ចុះ ដោយឡែកបទល្មើសចរាចរណ៍កើតឡើងជាបន្តបន្ទាប់គ្រាន់តែតូចនិងធំ ប៉ុណ្ណោះ ហើយភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ពោលគឺបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរខ្វះការប្រុងប្រយ័ត្ន បើកជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹង ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃដូចជាករណី នេះ គឺកើតហេតុឡើងដោយសារការបើកបរមិនប្រយ័ត្នទើបកើតគ្រោះថ្នាក់ ។
កន្លងមកសមត្ថ កិច្ចនគរបាលស្រុកបានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងពន្យល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ នៅវេទិកាសាធារណៈម្តងៗ ប៉ុន្តែអ្នកគោរពនៅតែគោរព អ្នកបំពាននៅតែបំពាន ។ ដូច្នេះដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ត្រូវគោរពច្បាប់ ចរាចរណ៍ បើកបរចេះអធ្យាស្រ័យគ្នា ហើយអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពគ្រប់ៗទើបចៀសវាងបាន គ្រោះថ្នាក់ដល់ជិវិត ៕