បាត់ដំបង ៖ ស្ងង់កាប់ជ្រូកមួយកន្លែងត្រូវអគ្គីភ័យឆាបយកកាលពីវេលាម៉ោងជាងពីររំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ត្រង់ចំណុចក្បែរផ្សារអូរប៉ែវឡែវស្ថិតក្នុងភូមិអូរ សំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ខូចខាតទ្រព្យសម្បត្តិសរុបប្រមាណ២ម៉ឺនដុល្លារ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យនេះបានឆាបឆេះស្តង់កាប់ជ្រូកប្រចាំឃុំដោយមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ និងជាកម្មសិទ្ធរបស់លោក ចាយ យ៉ារី អាយុ៤២ឆ្នាំ។
ប្រភពដដែលបន្តថា នៅយប់ថ្ងៃកើតហេតុប្តីប្រពន្ធដែលជាម្ចាស់ផ្ទះមិនបាននៅផ្ទះទេដោយរវល់ទៅបាត់ដំបងហើយក៏បានផ្តាំផ្ញើអោយក្មួយនៅដេកចាំផ្ទះ ប៉ុន្តែនៅយប់នោះក្មួយក៏បានបង្កាត់ភ្លើងដាំបាយ បន្ទាប់មកក្មួយក៏បានបិទទ្វារចាក់សោរួចក៏ដើរទៅដេកនៅផ្ទះចាស់ មួយល្វែងទៀតដែលនៅខាងក្រោយចំងាយប្រហែលជាង១០ម៉ែត្រ ខណៈពេលរំលងអធ្រាត្រ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលឡើងវិញដោយសារតែសម្លេង និងពន្លឺនៃអណ្តាតភ្លើងដែលកំពុងឆាបឆេះឡើង ហើយគ្មាននរណាម្នាក់ហ៊ានចូលទៅពន្លត់ ទុកបណ្តោយឲ្យភ្លើងនេះឆេះរហូតដល់ខ្ទេចទាំងស្រុង។
នៅពេលព្រឹកឡើងក្រោយពេលដែលម្ចាស់ផ្ទះទាំងប្តី ប្រពន្ធទៅដល់គឺមានភាពស្រងាកចិត្តនិង សោកសង្រេងក្រៃលែងដោយសារតែឃើញនូវទិដ្ឋភាពលំនៅដ្ឋានរបស់ខ្លួន ក្លាយទៅជាផេះបែបនេះដោយលោកបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិដែលនៅក្នុងនោះរួមមាន គ្រឿងអលង្ការមាសលុយខ្មែរប្រមាណជាង៤លាន ម៉ូតូចំនួនពីរគ្រឿងនិងគ្រឿងសង្ហារឹមជាច្រើនទៀតបើសរុបជា ទឹកប្រាក់ទាំងផ្ទះមួយល្វែងផងអស់ប្រមាណ២ម៉ឺនដុល្លារ ព្រោះពេលដែលលោកឡើងទៅបាត់ដំបងគឺពុំបានយករបស់របរទាំងនេះទៅជាមួយ នោះឡើយដោយអាងថាក្មួយនៅដេកយាមផ្ទះទៅហើយ។
ក្រោយពេលសាកសួរទៅលើក្មួយប្រុសរូបនោះទើបសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូល ហេតុដែលបណ្តាលអោយមានករណីអគ្គីភ័យនេះគឺដោយសារតែភ្លើងចង្ក្រានដែល ក្មួយបានដាំបាយហើយមិនបានពន្លត់ថែមទាំងបានចាក់សោដើរទៅដេក ខាងក្រោយបាត់ទៀត នេះគឺជាការធ្វេសប្រហែសទាំងស្រុងដោយខ្វះការប្រុងប្រយ័ត្នមុននឹងចូល ទៅសំរាកនៅពេលយប់៕