ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX300 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនលឿន ជ្រុល បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយខូចខាតអស់មួយផ្ទាំង នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវ ភ្លោះអូរឬស្សី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅចំណុច ស្តុបពេទ្យចិន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើងឡើងកាលពីវេលាម៉ោង ១២ និង ០០នាទីយប់ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
នៅមុនពេលកើតហេតុគេសង្កេតឃើញ ជនជាតិចិនខាងលើ បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ិស RX300 ពណ៌ស ពាក់ស្លាកលេខ 2P-6808 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុស្រាប់តែជ្រុលល្បឿនរេចង្កូតបុកផ្ទប់នឹងរបាំងថ្មចែក ទ្រូវផ្លូវបាក់អស់មួយផ្ទាំង ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿនបានព្យាយាមបើករត់គេច ទាំងកង់រថយន្តចំនួន៣ត្រូវបែក រហូតដល់ចំណុចស្តុបពេទ្យ ចិនទើបត្រូវសមត្ថកិច្ចដេញស្ទាក់ចាប់បានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបាន ចុះអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តបង្ក ខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា រង់ចាំដោះស្រាយនាពេលក្រោយ ៕