កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៤ លោក សុរិយា ស៊ូប៊ែរឌី បានជំរុញឲ្យរាជរដ្ឋាភិបាល កម្ពុជា គោរពច្បាប់ និង គោលការណ៍នៃឯករាជ្យភាពរបស់តុលាការ ហើយលោក ក៏បានអំពាវនាវឲ្យកម្ពុជាត្រូវរឹតបន្តឹងអាជ្ញាធរ យុត្តិធម៌ ឲ្យឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលណាមួយពីខាងក្រៅឡើយ។
លោក ស៊ូប៊ែរឌី បាននិយាយថា «វាជារឿងគួរឲ្យខកចិត្ត ដែលខ្ញុំបានឃើញគេប្រើប្រាស់ប្រព័ន្ធតុលាការ ដែលជាអំណាចនីតិបញ្ញត្តិ ជាឧបករណ៍ម្តងហើយម្តងទៀត»។ ដែលការលើកឡើងនេះ គឺឆ្លើយតបទៅនឹងការចាប់ខ្លួនជាបន្តបន្ទាប់និងបានផ្តន្ទាទោស សកម្មជនដីធ្លីភ្លាមៗ រួមទាំងសមាជិកគណបក្សប្រឆាំងផងដែរ។
កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមសកម្មជនដីធ្លីត្រូវបានចាប់ខ្លួនបន្ទាប់ពីចូលរួមការ តវ៉ាដោយអហិង្សា ហើយបញ្ហានេះ ត្រូវបានលោកលើកឡើងថា «ចាប់តាំងពីខ្ញុំធ្វើជាអ្នក រាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអាណត្តិនេះខ្ញុំបានជួបប្រទះហេតុការណ៍នេះ រាប់មិនអស់»។
លោកបានសង្កត់ធ្ងន់ថា «កង្វះឯករាជ្យភាព នៃប្រព័ន្ធតុលាការ គឺជាឧបសគ្គមួយដល់ការ សម្រេចបាន យុត្តិធម៌ រាប់បញ្ចូលទាំងកិច្ចខិត ខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា»។
ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ាដែលជាប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់ គណបក្សសង្គ្រោះជាតិត្រូវបានលោក ស៊ូប៊ែរឌី លើកឡើងថា «លោកមានការសោកស្តាយ ដែល និយាយថាដល់ពេលវេលាដែលបុគ្គលទាំងនោះត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ និងផ្តន្ទាទោសដែលទាំងនេះហាក់ដូចជា គេបានគណនារួចហើយ ជាមួយនឹងបទចោទប្រកាន់តិចតួចឬគ្មានមូលដ្ឋានទាល់តែសោះ»។
អ្នកជំនាញខាងសិទ្ធិមនុស្សរូបនេះ បានរំឭកថាច្បាប់កម្ពុជាតម្រូវឲ្យវិនិច្ឆ័យ ដោយផ្អែកលើភស្តុតាង។ លោកថា «នៅពេលដែលមិនមានភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថាមានកំហុស វាជាកាតព្វកិច្ចរបស់តុលាការ ក្នុងការកំណត់ឲ្យដោះលែងជនដែលជាប់ឃុំឃាំងវិញ»៕