ភ្នំពេញ៖ នៅថ្ងៃពុធទី១៩ខែវិច្ឆិកា ឆ្នាំ២០១៤ តាមរយៈសន្និសីទកាសែត មួយដែលដឹកនាំដោយ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន ឯករាជ្យ ក្នុងគោលបំណងដាក់លិខិត ស្នើទៅសមាជិករដ្ឋសភាទាំង១២៣រូប ជំរុញបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ លុបចោលសន្និសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ ចុះហត្ថាលេខាដោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក រ៉ុង ឈុន បានថ្លែងថា បង្គោលតម្រុយជាច្រើន ត្រូវបានវៀតណាម បោះចូលក្នុងទឹក ដីកម្ពុជា ដែល ស្ថិតក្នុងភូមិសាស្ត្រ ឃុំខ្នាលឃ្នង ស្រុករំដួល ខេត្តស្វាយរៀង ។ លោក ថា ” អីញ្ចឹងយើងបាន រកឃើញបង្គោលតម្រុយតូចៗ ដែលជាធ្មេញរណាហ្នឹង បង្គោលខ្លះបានចូល មកដល់ទឹកដីកម្ពុជា ចំនួន១០០ម៉ែត្រទៅ៥០០ម៉ែត្រ អញ្ជឹងយើងឃើញការបង្គោល ចូលទឹកដីកម្ពុជាមានចំនួនច្រើន ហើយខុស ទៅនឹងអ្វីដែលនាយករដ្ឋមន្ត្រី ក៏ដូចជា ប្រធានគណៈកម្មការព្រំដែនកម្ពុជា ថាមានការបោះចេញបោះ ចូលហើយគ្មានបាត់អ្វី មួយមីលីម៉ែត្រនោះទេ ប៉ុន្តែធាតុពិតយើង រកឃើញមានការចូល ពិតប្រាកដមែន”។
លោក រ៉ុង ឈុន ការចុះទៅត្រួតពិនិត្យ បង្គោលព្រំដែនដែល ដឹកនាំដោយរូប និងក្រុមយុវជន ផ្សេងទៀតធ្វើឡើងតាមរយៈ ការត្រួតពិនិត្យជាក់ស្ដែង និងសួរនាំបន្ថែមទៅលើ សាក្សីរស់មិនមែនលក្ខណៈ វិទ្យាសាស្ត្រនោះទេ បើតាមលោក រ៉ុង ឈុន ការបោះបង្គោលព្រំដែន ចូលទឹកដីកម្ពុជាមិន មែន មានតែនៅស្រុករំដួលនោះទេ គឺនៅមានស្រុកពញាក្រែក មានបង្គោលចំនួន១២៥ ដែលជាភូមិកំណើត សម្ដេច ហេង សំរិន ដែលបានបាត់ចំនួនពីរភូមិ(ភូមិធ្លុកប្រាជ្ញ និង ភូមិអន្លង់ជ្រៃ)។
លោក រ៉ុង ឈុន ដដែលបញ្ហាព្រំដែនកម្ពុជា មិនមែនតែបាត់បងទឹកដី តែជាមួយប្រទេសវៀ តណាមនោះទេ សូម្បីប្រទេសថៃក៏អញ្ជឹងដែរ ជំហរចុងក្រោយរបស់ លោក រ៉ុង ឈុន ប្រសិនបើ សំណើតែមួយរបស់ លោករួមជាមួយក្រុមយុវជនដទៃទៀត មិនត្រូវបានសភានិងរាជរដ្ឋាភិបាល យកចិត្តទុកដាក់នោះមានន័យថា កំពុងតែបណ្ដោយបណ្ដែតរឿងនេះ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកសូមឲ្យក្រុមរបស់ លោក រ៉ុងឈុនត្រួតពិនិត្យ បញ្ហាព្រំដែនឲ្យច្បាស់ មុននឹងទាមទារឲ្យមាន ការលុបចោលនូវ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ។ លោកថា” មិនមែនវៀតណាម គេបោះតែឯកតោភាគី នោះទេសូមត្រួតពិនិត្យ ឲ្យច្បាស់ដូច្នេះអ្វីដែល ពួកលោកទាមទារវាអត់ត្រូវ”៕