ភ្នំពេញ៖ ដោយ សារមានរថភ្លើងឈប់ចតកាត់ទទឹងថ្នល់ ដើម្បីលើកដាក់ទូរកុងតៃន័ររបស់ក្រុមហ៊ុន រាប់ម៉ោងធ្វើឲ្យចរាចរណ៍កកស្ទះ បងប្អូនប្រជាពលរដ្ឋក៏រអ៊ូរទាំ ដាក់ក្រុមហ៊ុនអាយស្ម័យយាន និងក្រុមហ៊ុនផែស្ងួត ស្វយ័តភ្នំពេញ។ ពេលនោះជនរងគ្រោះបានសំណូមពរទៅខាងទូររថភ្លើងថា សូមឲ្យកាត់ទូរម្តងមួយៗ ងាយស្រួលទុកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឆ្លង។
គ្រាន់តែឮពាក្យនេះភ្លាម ធ្វើឲ្យក្រុមសន្តិសុខយាមនៅប៉ារ៉ាស ផ្លូវដែកចំណុចខាងលើ ស្ទុះវឹងមករករឿង កើតជាជម្លោះពាក្យសម្តី ហើយត្រូវបានលោកប៉េអឹមស្ទុះហេរចេញមកចាប់ក្របួចកអាវជនរងគ្រោះ ហើយវាយទាត់ធាក់ ថែមទាំងដាក់ខ្នោះដៃជនរងគ្រោះផងដែរ។ ជនរងគ្រោះឈ្មោះ សិន ចាន់វាសនា ភេទប្រុស រស់នៅភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនដៃដល់ឈ្មោះ កែវ ចាន់ថន ភេទប្រុសជាកងរាជអាវុធហត្ថក្រុង មានឋានន្តរស័ក្ត ជាអនុសេនីយ៍ទោ អត្តលេខ១៩៥៥១៥ ផ្នែកអន្តរាគមន៍ ដែលក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ជួលឲ្យមកយាមនិងកាងផ្លូវដែក។ ជម្លោះរវាងប្រជាពលរដ្ឋជាមួយកំលាំងអាវុធហត្ថ និងកងសន្តិសុខ យាមផ្លូវដែកខាងលើ ជនរងគ្រោះត្រូវអន្តរាគមន៍ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុ ស្នើសុំឲ្យដោះខ្នោះដៃចេញពីជនរងគ្រោះវិញ និងរង់ចាំសម្របសម្រួលគ្នា៕