ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយនៅថ្ងៃទី ១៣ សីហា នេះ ស្ដីអំពីការរកឃើញករណីជំងឺផ្ដាសាយបក្សី ចំនួន២ ករណីថ្មីទៀតៗដែលត្រូវបានដែលវីរុសផ្ដាសាយបក្សីH5N1 ហើយជាករណីទី១៥ និង១៦នៅក្នុងឆ្នាំ២០១៣ និងជាករណីទី៣៦ និងទី៣៧ដែលបានឆ្លងវីរុសនេះ។
លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ក្នុងសេចក្តីប្រកាស របស់ខ្លួនថា«ជំងឺផ្ដាសាយបក្សីH5N1នៅតែបន្តគំរាមគំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារ។នេះជាករណីទី១៥ និង១៦ហើយដែលបានកើតលើមនុស្ស ក្នុងដើមឆ្នាំនេះ»។
លោកបន្តថា៖«ជានិច្ចជាកាលកុមារតែតែជាអ្នកមើលថែទាំនិងឲ្យចំណីបសុបក្សីក្នុងស្រុកនិងជាអ្នកប្រមូលស៊ុតមាន់ទា ជាពិសេសកុមារអាចប៉ះពាល់ជិតស្និតជាមួយបក្សីដោយសារតែពួកគេចាត់ទុកវាដូចជាសត្វដែលចិញ្ចឹមលេងនិងមានមានភាពងាយរងគ្រោះច្រើននិងហានិភ័យខ្ពស់ព្រោះពួកគេចូលចិត្តលេងកន្លែងដែលមានបក្សីនោះ»។
លោករដ្ឋមន្ត្រីក៏បានក្រើនរំឮកដល់ ឪពុកម្ដាយនិងអ្នកថែទាំកុមារទាំងអស់ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីដែលឈឺឬងាប់និងព្យាយាមឲ្យកុមារលេងនៅឆ្ងាយពីមាន់ទា។ហើយឪពុកម្ដាយទាំងអស់ត្រូវប្រាកដថាកុមារបានលាងដៃជាមួយសាប៊ូបន្ទាប់ពីប៉ះជាមួយបសុបក្សីប្រសិនបើពួកគេមានដកដង្ហើមញាប់ ឬពិបាកដកដង្ហើមត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅមណ្ឌលសុខភាពដែលជិតបំផុតហើយត្រូវរាយការណ៍ប្រាប់មន្ត្រីសុខាភិបាលអំពីប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីឈឺឬងាប់។
ទន្ទឹមនឹងនោះដែរ មន្ត្រីប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនៃក្រសួងសុខាភិ បាល គឺលោកវេជ្ជបណ្ឌិត សុខ ទូច បានថ្លែងឲ្យដឹងថា កុមារ ពីរនាក់ទៀតហើយ បានឆ្លងជំងឺផ្តាសាយបក្សី H5N1។ កុមារីម្នាក់ អាយុ ៥ ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល និងកុមារាម្នាក់ទៀត អាយុ ៩ ឆ្នាំ នៅខេត្តបាត់ដំបង។ កុមារទាំងពីរ កំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងនៅខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត សុខ ទូច បានបញ្ជាក់ឲ្យដឹងថា កុមារទាំងពីរនាក់ ត្រូវបានគ្រូពេទ្យ ជំនាញ រកឃើញថា មានផ្ទុកជំងឺផ្តាសាយបក្សី H5N1 កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ តាមរយៈការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ។ មកដល់ព្រឹកថ្ងៃទី១៣ សីហានេះ ស្ថានភាពជំងឺរបស់កុមារទាំងពីរ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្រុមគ្រូពេទ្យកំពុងតាមដានស្ថានភាពជំងឺកុមារទាំងពីរ ព្រមទាំងចុះទៅកាន់ផ្ទះរបស់កុមាររងគ្រោះ ដើម្បីពិនិត្យ និងយកសំណាកនានាពីមាន់ ទា យកទៅវិភាគ។ មាន់ទា ជាភ្នាក់ងារចម្លងមេរោគជំងឺផ្តាសាយបក្សី H5N1 មកកាន់មនុស្ស។ កាលពីថ្ងៃទី១២ កក្កដា កន្លងទៅនេះ កុមារាម្នាក់អាយុ ៣ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិបល្ល័ង្កឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កើតជំងឺនេះ។ នោះគឺជាករណីទី១៤ ដែលបានកើតឡើងនៅឆ្នាំនេះ បើគិតនឹងករណីថ្មីនេះ គឺជាករណីទី១៥ ហើយក្នុងឆ្នាំនេះ និងជាករណីទី៣៦ នៃការឆ្លងវីរុសជំងឺផ្តាសាយបក្សីនៅកម្ពុជា និងបានសម្លាប់ជីវិតមនុស្ស ២៨ នាក់។
រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបង្កើតសារជាច្រើនដើម្បីបង្កើនការយល់ដឹងដល់ប្រជា ពលរដ្ឋ និងទប់ស្កាត់ការរីក រាលដាល នៃជំងឺ H5N1 រួមមាន៖ លាងដៃឲ្យបានញឹកញាប់, ដាក់កុមារនៅ ឆ្ងាយពីសត្វបក្សី, ដាក់សត្វបក្សីនៅឲ្យ ឆ្ងាយពីកន្លែងរស់នៅ, កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឲ្យឆ្អិនល្អ។
ប្រសិនបើលោកអ្នកមានការសង្ស័យទៅលើកូនឬប្រជាពលរដ្ឋក្នុងសហគមន៍ មាន សង្ស័យថាកើតជំងឺផ្តាសាយ បក្សី លោកអ្នកអាចទាក់ទងទូរស័ព្ទទៅកាន់ ១១៥ ឥតគិតថ្លៃឬទូរស័ព្ទលេខ ០១២ ៤៨៨៩៨១/ ០៨៩ ៦៦៩ ៥៦៧ ដើម្បីទទួលបានការ ប្រឹក្សាបន្ទាន់ពីមន្រ្តីជំនាញ៕
ដោយៈ សេរីមករា