ភ្នំពេញ៖ អ្នកតំណាងរាស្ត្រទាំងនោះ ស្នើសុំជួបស្ត្រីបឹងកក់ នៅម៉ោង ៩ ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។ស្ត្រីអ្នកតំណាងរាស្ត្រ ៦ រូប ដឹកនាំដោយលោកស្រី មូរសុខហួរ របស់គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយច្បាប់ ទៅកាន់ព្រះរាជអាជ្ញា អមតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំជួបសួរសុខទុក្ខ ក្រុមស្ត្រីបឹងកក់ ១០ នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។
កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបង្ហាញថា “យើងខ្ញុំ ជាសមាជិការដ្ឋសភា និងព្រឹទ្ធសភា មានបំណងចូលជួបសួរសុខទុក្ខអ្នកស្រី ទេពវន្នី អ្នកស្រី ផាន់ឈុនរ៉េត អ្នកស្រី គង់ចន្ថា កញ្ញា សុង ស្រីលាភ អ្នកស្រី បូឆវី អ្នកស្រី ង៉ែត ឃុន អ្នកស្រី ណង ស្រេង អ្នកស្រី អ៊ឹមស្រីទូច អ្នកស្រីភួងស្រីភាព និងអ្នកស្រី ភួងពេជ្រ ដែលបច្ចុប្បន្ន កំពុងជាប់ឃុំនៅមន្ទីរអប់រំកែប្រែទី២ ( ម២ ) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៩ ព្រឹក”។
មិនទាន់មានការឆ្លើយតបបែបណាពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញលិខិតរបស់ស្ត្រីអ្នកតំណាងរាស្ត្រខាងលើនៅឡើយទេ។ ស្ត្រីបឹងកក់ ទាំង ១០ នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងពេលតវ៉ាឲ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ហាទឹកលិចផ្ទះរបស់ពួកគេ កាលពីថ្ងៃទី១០ និងថ្ងៃទី១១វិច្ឆិកា។ អ្នកទាំងនោះ ត្រូវបានតុលាការ កាត់ទោសដាក់ពន្ធនាគារ ១ ឆ្នាំ ជាមួយនឹងព្រះសង្ឃមួយអង្គ ពីបទប្រមាថមន្ត្រីរាជការសាធារណៈ និងបិទផ្លូវ ធ្វើឲ្យកកស្ទះចរាចរ ក្នុងអំឡុងពេលតវ៉ានោះ៕