ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ នេះ កម្មករជាង១០០នាក់ បានដួលសន្លប់ ដោយសារការផ្ទុះធ្លាយសារធាតុគីមីនៅក្នុង នៅរោងចក្រផ្កាឈូក ហៅរោងចក្រ GPH ក្នុងខណ្ឌពោធិ៍សែនជ័យជាយរាជធានីភ្នំពេញ ។
កម្មករម្នាក់នៅរោងចក្រផ្កាឈូក សុំមិនបញ្ជាក់អត្តសញ្ញាណឲ្យដឹងថា នៅម៉ោង៨ព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកានេះ មានការផ្ទុះសារធាតុគីមី នៅក្នុងអគារទី៣នៃរោងចក្រ ទើបបណ្ដាលឲ្យកម្មករជាង១០០នាក់សន្លប់។
ប្រភពដដែលឲ្យដឹងថា ភ្លាមៗអ្នកគ្រប់គ្រងរោងចក្របានបញ្ជូនកម្មករដួលសន្លប់ទៅកាន់ មន្ទីរពេទ្យ ចំណែកកម្មករផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ហើយរោងចក្រក៏បានបិទទ្វារផងដែរ។ ទោះយ៉ាងណាប្រភពមិនបានបញ្ជាក់ថា តើកម្មករដួលសន្លប់ទាំងនោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យណា ទេ។
ប្រធានសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានអោយដឹងថា ក្រោយពេលទទួលនព័ត៌មាននេះ លោកបានចុះទៅដល់រោងចក្រនោះ។ លោកថា ពេលលោកទៅដល់ទីនោះរោងចក្រផ្កាឈូកបានបិទទ្វារទៅហើយ ហើយក៏មិនឃើញមានឡានពេទ្យដឹកជញ្ជូនកម្មករសន្លប់ដែរ។ លោកបន្តថា តាមការសាកសួរកម្មករនៅរោងចក្រនោះឲ្យដឹងថា ពិតជាមានការផ្ទុះសារធាតុគីមីបណ្ដាលឲ្យកម្មករដួលសន្លប់មែន ប៉ុន្តែពួកគេមិនដឹងថា តើកម្មករទាំងនោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យណាទេ។ លោក ប៉ាវ ស៊ីណា បន្ថែមថា នេះជារឿងដ៏អាថ៌កំបាំង និងគួរឲ្យឆ្ងល់។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធិ មានប្រសាសន៍ថា លោកបានទទួលព័ត៌មាននោះដែរ ប៉ុន្តែលោកមិនបានចុះទៅដល់រោងចក្រនោះផ្ទាល់ទេ។ លោកបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន មានកម្មករជាង១០០នាក់បានដួលសន្លប់នៅព្រឹកមិញនេះ។
ទាក់ទងនឹងការដួលសន្លប់នេះអរិយធម៌មិនអាចទាក់ទងអ្នកគ្រប់គ្រងរោងចក្រផ្កាឈូក ដើម្បីសុំការអធិប្បាយជុំវិញករណីផ្ទុះសារធាតុគីមីនេះបាននៅឡើយទេ ៕