កំពង់ឆ្នាំង: ព្រះសង្ឃ១អង្គ បានរងរបួសយ៉ាងធ្ងន់ និងព្រះសង្ឃ ២ អង្គទៀត រងរបួសស្រាល ក្នុងហេតុការណ៍ផ្ទុះធុងសាំង កាលពីវេលាម៉ោង ៦:៣០នាទី ព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវត្តអម្ពរវ័ន្ត ក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចអោយដឹងថា ព្រះសង្ឃរងគ្រោះ ទាំង៣អង្គ មានព្រះនាម ១.ហ៊ឹម ឆារ៉ាន់ ព្រះជន្ម ១២ វស្សា រងរបួសធ្ងន់ ២. អ៊ឹម សុជាតិ ព្រះជន្ម ៤៥ វស្សា រងរបួសស្រាល និង ៣. ថេង ប៊ុនធឿន ព្រះជន្ម ១៧ វស្សា រងរបួសស្រាល ។
ក្រោយពេលកើតហេតុ ព្រះសង្ឃដែលរងរបួសស្រាល ទាំង២អង្គ ត្រូវបានគេបញ្ជូន ទៅព្យាបាល នៅពេទ្យឯកជន ក្នុងស្រុកកំពង់លែង។ ដោយឡែក ព្រះសង្ឃ១អង្គ ដែលរងរបួសធ្ងន់ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុ ព្រះគ្រូចៅ អធិការវត្ត បានយកម៉ូទ័រមកកាត់ធុងសាំង ចំណុះ ២២០ លីត្រ ជាពីរកំណាត់ ដើម្បីធ្វើធុងដាក់សម្រាម ។ ហើយនៅក្នុងពេលកាត់នោះ មិនបានបើកគម្របធុងសាំងចេញទេ ទើបបណ្តាលអោយធុងសាំងនោះ ផ្ទុះដូចគ្រាប់បែក ត្រូវព្រះសង្ឃ ៣ អង្គ រងរបួសធ្ងន់ និងស្រាល ដូចនេះ ។
សូមបញ្ជាក់ថាព្រះសង្ឃ អ៊ឹម សុជាតិ ជាអ្នកកាន់ម៉ូទ័រកាត់ដោងអង្គឯង ប៉ុន្តែសំណាងល្អ រងរបួសស្រាល រីឯលោកនេន ព្រះនាម ហ៊ឹម ឆារ៉ាន់ ដែលឈរមើលចំងាយ ៣ ម៉ែត្រ បានរងរបួសធ្ងន់ទៅវិញ ដោយបំណែកធុងសាំង ខ្ទាតទៅត្រូវ៕