សៀមរាប៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខវត្តរាជដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត ហ៊ិប ហប ទាំងកណ្តាលអធ្រាត្រ ក្នុងក្រុងសៀមរាប អស់ស្ទើរទាំងស្រុង បណ្ដាលឲ្យមានមនុស្ស ប្រុស ស្រី ចំនួន៥នាក់ បានស្លាប់ ក្នុងនោះមានបុរសម្នាក់ ជាភ្ញៀវជនជាតិបរទេស។ មកដល់ពេលនេះ មិនទាន់ដឹងពី មូលហេតុច្បាស់លាស់ នៃការឆេះ និងអស់ទ្រព្យសម្បត្តិ នៅឡើយទេ ដោយសារសមត្ថកិច្ចចម្រុះ កំពុងធ្វើការ។
មុនកើតហេតុ ពួកគេឃើញភ្លើង ហុយចេញពីក្នុងក្លឹប ហ៊ិបហប នេះតែម្តង ពុំឃើញមានភ្លើងឆេះ ធំដុំនោះទេ ។ ក្រោយមក មួយសន្ទុះ ក៏ឃើញមានបុគ្គលិក រត់ចេញពីក្នុង ទាំងភិតភ័យ រួចក៏ឲ្យអ្នកគ្រប់គ្រង រាយការណ៍ទៅឲ្យសមត្ថកិច្ច ដើម្បីយករថយន្តពន្លត់អគ្គិភ័យ មកឲ្យជួយអន្តរាគមន៍។
ការបង្កឲ្យមានអគ្គិភ័យនេះ កើតឡើង សមត្ថកិច្ច បានដឹងព័ត៌មាននេះ នៅម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ ពេលនោះ លោកក៏បានហៅ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្ត និងរថយន្តពន្លត់អគ្គិភ័យប៉េអឹមខេត្ត មកជួយអន្តរាគមន៍ ដើម្បីកុំឲ្យមានការឆេះរាលដាល ទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតនោះ។ មកដល់ម៉ោងនេះ មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្ត ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ មាស សាង ចំនួន៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់កម្លាំងប៉េអឹមខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាកររង ចំនួន៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ព្រលានយន្តហោះ ចំនួន១គ្រឿង ទើបអាចពន្លត់បាន ដោយសុវត្ថិភាព។
លោកបានបន្ថែមទៀតថា មកដល់ពេលនេះ មិនទាន់ដឹងពីមូលហេតុ នៃការខូចខាតទ្រព្យសម្បត្តិ អស់ប៉ុន្មាននៅឡើយទេ។ ប៉ុន្តែគេអាចដឹងបានថា គ្រោះអគ្គិភ័យនេះ បង្កឲ្យមានមនុស្សស្លាប់ ចំនួន ៥ នាក់(ប្រុស២ ស្រី៣នាក់) ក្នុងនោះមានបុរសជនបរទេសម្នាក់ ៕