ភ្នំពេញ៖ កាលពីវេលាម៉ោង៨នឹង៤០ នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់មួយ គឺដោយសារតែនារីម្នាក់ បានស្រែកទ្រហូរយំទួញសោកបោកខ្លួន រៀបរាប់ ថាខកស្នេហ៍ជាមួយតារាសម្តែងម្នាក់ នៅផលិតកម្មហង្សមាស ដែលត្រូវបានគេស្គាល់ឈ្មោះថា សាន វិសាល និងបានរត់ទៅបោកក្បាលជាមួយនឹងជញ្ជាំងផ្ទះផងនោះ តែត្រូវបានបងប្អូនរត់ទៅឃាត់ទាន់ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល ដែលហេតុការណ៍ខាងលើនេះបានកើតឡើង នៅចំណុចមុខហាងលក់កាបូប និងស្បែកជើង វិសាល ខូលេចស្សិន តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នៅមុនពេលកើតហេតុគេបាន ឃើញនារីម្នាក់បានដើរបណ្តើរយុះបណ្តើរ តាមបណ្តោយផ្លូវលេខ១៦៣ លុះមកដល់ចំណុចមុខហាងលក់កាបូប និងស្បែកជើង វិសាល ខូលេចស្សិន ស្រាប់តែនារីម្នាក់នោះបានស្រែកទ្រហូរយំទួញសោកបោកខ្លួនយ៉ាង ខ្លាំង ដោយបានរៀបរាប់ថា ខ្លួននាងខកស្នេហ៍ជាមួយនឹងតារាសម្តែងម្នាក់នៅផលិតកម្មហង្សមាស ឈ្មោះសាន វិសាល ដោយគេបានបោកប្រាស់ស្នេហារបស់នាង ហើយរូបនាងជាមួយនឹងតារាសម្តែងម្នាក់នោះ បានស្រលាញ់គ្នាជាយូរឆ្នាំមកហើយ ។ ប្រភពបន្តថា មួយសន្ទុះក្រោយមកនារីម្នាក់នោះ បានរត់ទៅបោកក្បាលជាមួយនឹងជញ្ជាំងផ្ទះប៉ុន្តែត្រូវបានបងប្អូនរបស់ នាង ដែលបានមក តាមនោះបានឃាត់ទាន់ពេលវេលា ។ នារីម្នាក់នោះត្រូវបានស្គាល់ ឈ្មោះថា សេង រ៉ាវី អាយុជាង២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ៕