ភ្នំពេញ ៖ តារាកំប្លែងជើងចាស់លោក ម៉ៅ សាមឿន ហៅ នាយវីតាមីនសេ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីតារាកំប្លែងរូបនេះរាគនិងក្អួតចង្អោរខ្លាំងដោយសារពុល ចំណីអាហារ។ ទោះជាយ៉ាងណាពេលនេះស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះបានធូរ ស្បើយបន្តិចហើយប៉ុន្តែនៅតែបន្តសម្រាកព្យាលបាលនៅមន្ទីរពេទ្យនៅឡើយ ។
នាង ប៉េង ប៉ោង ដែលជាកូនស្រី នាយវីតាមីនសេ ដែលបានបញ្ជាក់កាលពីល្ងាចម្សិលមិញនេះ “គាត់ អាចនឹងបន្តសម្រាកព្យាបាលជំងឺបន្តនៅមន្ទីរពេទ្យដើម្បីពិនិត្យ តាមដានសុខភាពព្រោះគាត់មានជំងឺប្រចាំកាយជាច្រើនមុខដូចជាលើល ឈាមទឹកនោមផ្អែម និងជំងឺសន្លាក់ស្រាប់ផង” ។
តារាកំប្លែងស្រីរូបនេះបន្តទៀតថា មូលហេតុដែលនាំឲ្យបញ្ជូនឪពុក មកមន្ទីរពេទ្យមួយជិតវិទ្យាល័យសន្ធរម៉ុកភ្លាមៗ គឺដោយសារតែពុលចំណីអាហារដែលនៅមិនទាន់ដឹងប្រាកដនៅឡើយទេថា តើពុលចំណីណាមួយ ខណៈដែលពីល្ងាចថ្ងៃអាទិត្យនោះឪពុកនាងទទួលទានអាហារជាច្រើនប្រភេទ។ នាងបន្ថែមថា ពេលនេះស្ថានភាពជំងឺរបស់ឪពុកនាងបានធូរស្បើយបន្តិចហើយបន្ទាប់ ពីសម្រាកព្យាបាល ប៉ុន្តែគាត់នៅតែគ្មានកម្លាំងល្ហិតល្ហៃ ។ នាងបញ្ជាក់ដែរថាយោងតាមវេជ្ជបណ្ឌិតថា ឪពុកនាងនឹងត្រូវបន្ត សម្រាកពីបីទៅ៧ថ្ងៃនឹងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ហ្មត់ចត់ ព្រោះតែឪពុកនាងមានជំងឺច្រើន ។
នាង បញ្ជាក់ដែរថា ដើមឡើយគឺនាងនិងក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងព្រោះតែ ខ្លាចជំងឺចាស់ឪពុក គឺជំងឺប្រព័ន្ធប្រសាទរើឡើងវិញដែលមានអាការៈដូចគ្នាបេះបិទ ប៉ុន្តែក្រោយបានមកកាន់មន្ទីរពេទ្យទើបដឹងថាមិនមែនជាជំងឺចាស់ នោះទេ ។
នាង ប៉េង ប៉ោង បញ្ជាក់ដែរថា ពេលនេះជំងឺរបស់ឪពុកនាងហាក់មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់ការងារ សិល្បៈឡើយ ខណៈដែលការសម្តែងជាប្រចាំរបស់ឪពុក គឺនៅរៀងរាល់ថ្ងៃអាទិត្យនៅទូរទស្សន៍បាយ័ន ហើយនាងរំពឹងថា ស្ថានភាពសុខភាពឪពុកអាចប្រសើរឡើងវិញក្នុងពេលឆាប់ៗ និងអាចចូលបម្រើអារម្មណ៍របស់ទស្សនិកជនជាបន្តទៀត ។ ជាមួយគ្នានេះនាងក៏បានថ្លែងនូវអំណរគុណចំពោះបងប្អូន មិត្តភក្កិដែលបានផ្តល់នូវកម្លាំងកាយចិត្តដល់ក្រុមគ្រួសារនាង ហើយនាងក៏បានធ្វើការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ប្រុង ប្រយ័ត្នចំពោះការទទួលទានចំណីអាហារផ្សេង ដើម្បីជៀសវាងការជះឥទ្ធិពលមិនល្អសម្រាប់សុខភាព ។
គួរបញ្ជាក់ផងដែរថា នាយ វីតាមីនសេ បច្ចុប្បន្នមានវ័យ៦៧ឆ្នាំ ហើយលោកបានចូល ប្រឡូកចូលក្នុងពិភពសិល្បៈ ផ្នែកសម្ដែងល្ខោន សម្ដែង និងជាតារាកំប្លែង តាំងពីអាយុជាង១០ឆ្នាំ ។ លោកមានស្រុកកំណើតនៅ ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត កំពង់ចាម ។ លោករៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៧២ ជាមួយអ្នកស្រី លីវ ស៊ីថា បច្ចុប្បន្នភរិយារបស់លោក គឺជាស្ត្រីមេផ្ទះ មានអាយុ ៦៥ឆ្នាំ ។ លោកមានកូនចំនួន ៥ នាក់ប្រុស២នាក់ ស្រី៣នាក់ ។ ក្នុងចំណោមកូនទាំង៥នាក់ របស់លោក គឺលោកបានបណ្ដុះបណ្ដាលឲ្យក្លាយជាអ្នកសិល្បៈបានម្នាក់ គឺអ្នកស្រី មឿន និមល ហៅប៉េងប៉ោង ៕